ភ្នំពេញ៖ សិង្ហបុរី បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យវិនិយោគ និងវិស័យមួយចំនួនទៀតនៅកម្ពុជា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលដែល ឯកឧត្តម ក៏បានអញ្ជើញចូលរួមធ្វើបាឋកថាជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិកាទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា។ ចំណាប់អារម្មណ៍នេះត្រូវបានបង្ហាញឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី០៧ធ្នូនេះ។
នាឱកាសនេះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងអំណរគុណចំពោះ សម្តេច ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកនិងសហការី ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែលលោកបានអញ្ជើញមកកាន់ទឹកដីកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម ។
រដ្ឋមន្រ្តីរូបនេះក៏បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្តានុពលនៃវិស័យវិនិយោគ និងវិស័យមួយចំនួនទៀតនៅកម្ពុជា ជាពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលដែល ឯកឧត្តម ក៏បានអញ្ជើញចូលរួមធ្វើបាឋកថាជូនដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិកាទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា ។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមធ្វើបាឋកថានៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា៕