![](https://cdn.cc-times.com/kh.cc-times.com/media/41226/large/%E1%9F%A7%E1%9E%92%E1%9F%92%E1%9E%93%E1%9E%BC.jpg?1701935568)
ភ្នំពេញ៖ ក្រុមហ៊ុន Beijing Urban Construction Group (BUCG) ជាក្រុមហ៊ុនសាងសង់ធំមួយរបស់ប្រទេសចិន បានចូលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អំពីឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដឹកនាំដោយលោក Davis Li ប្រធានគ្រប់គ្រងទូទៅទទួលបន្ទុកកិច្ចការអន្តរជាតិ នាថ្ងៃទី០៦ធ្នូ ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
អង្គជំនួបនេះត្រូវបានរៀបចំតបតាមការស្នើសុំរបស់ក្រុមហ៊ុនដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ ក្រុមហ៊ុនក៏បានថ្លែងការកោតសរសើរលើការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំកន្លងមករបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការបន្តពន្លឿនកិច្ចអភិវឌ្ឍន៍បន្ថែមទៀតក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសេនាធិការក្នុងកិច្ចការងារវិនិយោគ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយមិត្តចិន។
ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានរំលេចអំពីភាពស្អិតរមួតនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរដែលបានបន្តរីកចម្រើនមិនឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ៕
![](https://cdn.cc-times.com/kh.cc-times.com/media/41227/large/408056096_756432009848401_7807609449467383146_n.jpg?1701935626)
![](https://cdn.cc-times.com/kh.cc-times.com/media/41228/large/408075340_756432146515054_1092385236438722840_n.jpg?1701935645)