Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិពី ការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២១-២០៣០។ ផែនទីបង្ហាញផ្លូវនេះ នឹងផ្តល់នូវចក្ខុវិស័យជាយុទ្ធសាស្ត្រសម្រាប់ការងារគ្រប់គ្រង និងបង្ការភាពពិការភ្នែកនៃ វិស័យសុខាភិបាលរបស់ថ្នាក់ក្រោមជាតិ សម្រាប់រយៈពេល ៧ឆ្នាំខាងមុខ។ ពិធីដាក់ឱ្យអនុវត្តជាផ្លូវការនេះ ត្រូវបានធ្វើឡើងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោក ឈាង រ៉ា បានបញ្ជាក់ថា ផែនទីបង្ហាញផ្លូវនេះ នឹងផ្តល់នូវចក្ខុវិស័យជាយុទ្ធសាស្ត្រសម្រាប់ការងារគ្រប់គ្រង និងបង្ការភាពពិការភ្នែកនៃ វិស័យសុខាភិបាលរបស់ថ្នាក់ក្រោមជាតិ សម្រាប់រយៈពេល ៧ឆ្នាំខាងមុខ។ ផែនទីបង្ហាញផ្លូវនេះ គឺជាការបន្តចូលរួមក្នុងការបង្កើនការពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាពភ្នែកនៅទូទាំងប្រទេសកម្ពុជាឱ្យដល់កៀកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមកាត់បន្ថយភាពពិការភ្នែកឱ្យនៅត្រឹម០.៣៥% នៅឆ្នាំ២០៣០ ដែលបានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកឆ្នាំ២០២១-២០៣០ នៃក្រសួងសុខាភិបាល។ ផែនទីបង្ហាញផ្លូវនេះ ក៏ជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ក្រោមជាតិយកទៅបង្កើតជាផែនការប្រតិបត្តិ និងផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីអនុវត្តនូវការផ្តល់សេវាថែទាំព្យាបាលសុខភាពភ្នែក ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងនៅគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា។

ដើម្បីពង្រឹងគុណភាព និងពង្រីកវិសាលភាពសេវាសុខភាពភ្នែកបន្ថែមទៀត រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានអំពាវនាវបន្ថែមចំពោះការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ដោយត្រូវបន្តយន្តការ និងអនុវត្តសកម្មភាពដែលមានស្រាប់ និងផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ដែលដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ ដោយធានាបាននូវការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍, លើកកម្ពស់ការចូលរួមរបស់សហគមន៍ ក្នុងការបង្ការភាពពិការភ្នែក និងគំហើញចុះខ្សោយ, ជម្រុញការអនុវត្តគម្រោងពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាពភ្នែកឱ្យបានប្រគៀកជាមួយសហគមន៍ ជាដើម។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏ថ្លែងអំណរគុណអង្គការជាតិ និងអន្តរជាតិទាំងអស់ រួមមាន SEVA Foundation, Fred Hollows Foundation, Eye Care Foundation, Heart to Heart Foundation, Battambang Ophthalmic Care, Caritas-Takeo Eye Hospital and Sight For All និងស្នើឱ្យបុគ្គលិកសុខាភិបាលទាំងអស់ ចូលរួមអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ថ្នាក់ក្រោមជាតិ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២១-២០៣០ នេះឲ្យមានប្រសិទ្ធភាពខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង