
ភ្នំពេញ៖ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបានជជែកពិភាក្សាគ្នាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើគម្រោងវិនិយោគលើវិស័យសុខាភិបាល ថាមពលឥន្ធនៈ និងគម្រោងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជាឱសថបុរាណជាដើម។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៥ធ្នូនេះ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៤ធ្នូកន្លងទៅនេះ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន ហើយកិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាន់ព័ន្ធ ក្រុមហ៊ុន Union Development Group និងក្រុមហ៊ុនចំនួន៦ជាសមាជិកនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ដែលមានបំណងវិនិយោគនៅកម្ពុជាផងដែរ។
អង្គប្រជុំនេះត្រូវបានរៀបចំឡើងតបតាមសំណើសុំរបស់ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ក្នុងការស្វែងយល់អំពីគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ដោយក្នុងនោះភាគីទាំងពីរបានជជែកពិភាក្សាលើគម្រោងវិនិយោគលើវិស័យសុខាភិបាល ថាមពលឥន្ធនៈ និងគម្រោងដាំថ្នាំរុក្ខជាតិប្រើប្រាស់ជាឱសថបុរាណជាដើម។
នាឱកាសនេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើសុំឱ្យបណ្ដាក្រុមហ៊ុនទាំងអស់ដែលមានបំណងវិនិយោគលើវិស័យនានានៅកម្ពុជាត្រូវរៀបចំដាក់ពាក់ស្នើសុំគម្រោងវិនិយោគដោយភ្ជាប់មកជាមួយការសិក្សាលម្អិតរបស់ខ្លួនមកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីពិនិត្យអនុវត្តនីតិវិធីបន្ត។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្ត Ji Lin ប្រទេសចិន (CCPIT Jilin Provincial Committee) បង្កើតឡើងក្នុងឆ្នាំ១៩៧៩ គឺជាអង្គការសេដ្ឋកិច្ច និងពាណិជ្ជកម្មបរទេស ដែលមានការចូលរួមពីតំណាងអាជីវកម្ម ក្រុមហ៊ុន សមាគម និងស្ថាប័ននានា៕
