Cctime 6monthsfree desktop
Cc times  web banner kh (2)

សហគមន៍កសិកម្មអូរគគីរគ្រោងនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ៣ពាន់តោនក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ភិន ឈុនហាក់ ទីប្រឹក្សាបច្ចេកទេសនៃគម្រោង GIZ

ក្រចេះ៖ សហគមន៍កសិកម្មអូរគគីរជាអ្នកសម្របសម្រួលធ្វើកិច្ចសន្យាផលិតកម្មជាមួយសហគមន៍កសិកម្មដ៏ទៃទៀត ក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទី។ បច្ចុប្បន្ននេះ សហគមន៍កសិកម្មអូរគគីរ បានធ្វើកិច្ចសន្យាកសិកម្ម ជាមួយសហគមន៍កសិកម្មដ៏ទៃទៀត ក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទី នាំចេញទៅប្រទេសវៀតណាម។ នៅក្នុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ សហគមន៍កសិកម្មអូរគគីរ នឹងធ្វើកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនអ៊ីនធ័រស្នាក (Intersnack Company) ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីចំនួន៣ពាន់តោន ក្នុងមួយរដូវ។

លោក ភិន ឈុនហាក់ ទីប្រឹក្សាបច្ចេកទេសនៃគម្រោង GIZ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនអ៊ីនធ័រស្នាក មិនអាចចុះកិច្ចសន្យាទិញ-លក់ជាមួយគ្រប់សហគមន៍កសិកម្មបាននោះទេ។ ដូច្នេះសហគមន៍កសិកម្មអូរគគីរ ជាអ្នកសម្របសម្រួលធ្វើកិច្ចសន្យាផលិតកម្មជាមួយសហគមន៍កសិកម្មដ៏ទៃទៀត។ នៅពេលបានចុះកិច្ចសន្យាផលិតកម្មកសិកម្ម និងទទួលបានបរិមាណគ្រាប់ស្វាយចន្ទីរដែលត្រូវផ្គត់ផ្គង់ សហគមន៍ក៏គ្រោងនឹងធ្វើកិច្ចសន្យាកសិកម្ម ជាមួយក្រុមហ៊ុនអ៊ីនធ័រស្នាក នៅក្នុងខែកមរា ឆ្នាំ២០២៤ ក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី ចំនួនប្រមាណជាង៣ពាន់តោន ក្នុងមួយរដូវ។

លោក ភិន ឈុនហាក់ បានបន្ដថា នៅពេលដែលរដូវប្រមូលផលស្វាយចន្ទីមកដល់ ជាពេលដែលត្រូវចរចារតម្លៃ ហើយសហគមន៍ត្រូវប្រមូលគ្រាប់ស្វាយចន្ទីសើម មកសម្អាត ហាល និង កំណត់តម្លៃគ្រាប់ស្វាយចន្ទីស្ងួត ដោយពិភាក្សាជាមួយសហគមន៍ផ្សេងទៀត។ បន្ទាប់ពីបានកំណត់តម្លៃហើយ សហគមន៍កសិកម្មអូរគគីរ នឹងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអ៊ីនធ័រស្នាក ហើយក្រុមហ៊ុននឹងផ្ដល់បុរេបទាន ចំនួន៨០% ដើម្បីឱ្យសហគមន៍យកទៅប្រើប្រាស់ក្នុងការទិញគ្រាប់ស្វាយចន្ទីពីសមាជិក។ បន្ទាប់មក សហគមន៍កសិកម្មអូរគគីរ ធ្វើកិច្ចសន្យាផ្គត់ផ្គង់ជាមួយសហគមន៍ដែលជាសមាជិក ដោយផ្ដល់បុរេបទាន៨០% នៃចំនួនគ្រាប់ស្វាយចន្ទី ដល់សហគមន៍កសិកម្មនោះ។

លោក ភិន ឈុនហាក់ បានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២៣នេះមានសហគមន៍កសិកម្មប្រមាណជា៥នៅក្នុងខេត្តក្រចេះ បានសុំចូលជាសមាជិកសហគមន៍កសិកម្មអូរគគីរ ប៉ុន្ដែសហគមន៍កសិកម្មអូរគគីរមិនចង់ផ្ដើមដោយមានការចូលរួមពីសហគមន៍ច្រើន ប៉ុន្ដែធ្វើជំនួញមិនជោគជ័យនោះទេ។ សហគមន៍កសិកម្មអូរគគីរ មានគោលបំណងថាធ្វើយ៉ាងណាឱ្យសហគមន៍ដែលជាដៃគូរសហការរបស់សហគមន៍កសិកម្មអូរគគីរទាំងអស់ទទួលបានជោគជ័យនៅក្នុងឆ្នាំ២០២៤ និងពង្រីកចំនួនសមាជិកនៅពេលក្រោយទៀត។ ទោះបីជាសហគមន៍កសិកម្មអូរគគីរ មិនទាន់ទទួលសហការជាមួយសហគមន៍កសិកម្មដ៏ទៃទៀត ប៉ុន្ដែកសិករដែលមានបំណងចូលក្នុងសហគមន៍កសិកម្មនៅតែទទួល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង