
ភ្នំពេញ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋខ្មែរមានប្រមាណជាង១លាននាក់ បានរៀបចំដំណើរកម្សាន្តនៅក្រៅប្រទេសដែលចំនួននេះកើនឡើងប្រហែល១២៣,៩% ធៀបនឹងឆ្នាំពី២០២២។នេះបើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍របស់កម្ពុជា។កំណើននេះត្រូវបានគេមើលឃើញថា ជាការធ្លុះធ្លាយមួយនៃសេដ្ឋកិច្ចក្នុងស្រុក ខណៈការចំណាយចេញទៅកម្សាន្តនៅក្រៅប្រទេសមិនក្រោម៣០០ដុល្លារក្នុងម្នាក់។
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២៣នេះ ស្ថានភាពភ្ញៀវទេសចរនៅកម្ពុជាហាក់ល្អប្រសើរដោយទទួលបានកំណើនជាបន្តបន្ទាប់ក្នុងនោះ កម្ពុជាទទួលទេសចរអន្តរជាតិ ចំនួន ៤,៤១ លាននាក់ កើនឡើង ១៧៩,៧% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២, ទេសចរជាតិ ១២,២២ លាននាក់ កើនឡើង ២៩,០%, និង ទេសចរជាតិចេញដំណើរកម្សាន្តនៅក្រៅប្រទេសមានចំនួន ១,៤៨ លាននាក់ កើនឡើង១២៣,៩%។
ទាក់ទងនឹងពលរដ្ឋខ្មែរចេញទៅកម្សាន្តនៅប្រទេស ត្រូវបានអ្នកជំនាញបូកសរុបនៃការចំណាយក្រៅផ្លូវការថា ចំណាយបឋម ដូចជាថ្លៃធ្វើដំណើរ ហូបចុក និង ស្នាក់នៅ ពលរដ្ឋម្នាក់ត្រូវចំណាយយ៉ាងតិចបំផុតមិនក្រោម៣០០ដុល្លារក្នុងមួយជើង ដូច្នេះកម្ពុជាបានចាយលុយទៅក្រៅប្រទេសយ៉ាងតិច ៤៥០លានដុល្លារ។
កន្លងទៅអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងវិស័យទេសចរណ៍ក្នុងស្រុក គួរតែប្រឹងប្រែងបន្ថែមទៀតក្នុងការកែច្នៃអាជីវកម្មទេសចរណ៍របស់ខ្លួន ដើម្បីទាក់ទងភ្ញៀវក្នុងស្រុកតាមលទ្ធភាពដែលអាចធ្វើទៅបាន តាមរយៈការស្នាក់នៅ សេវាកម្មកម្សាន្ត ជាមួយផាសុខភាពគួរជាទីទាក់ទាញ ហើយជំរុញការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃទេសចរណ៍ក្នុងស្រុក៕