ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ធ្នូនេះ បានប្រកាសដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសុខភាពជនទេសន្តរប្រវេសន៍២០២២-២០៣០ ដើម្បីជាឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺការគាំពារដល់ប្រជាជនក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ចហានិភ័យសុខភាពសាធារណ:។
កម្មវិធីនេះ មានការចូលរួមពី លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី គ្រីស្ទីនប៉ាកូ (Kristine Parco) ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ រួមទាំងតំណាងក្រសួងសុខាភិបាល អង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធ និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត។
នាឱកាសនេះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ការធ្វើទេសន្ដរប្រវេសន៍ជាចលករដែលបានផ្តល់ឱកាសជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូលជាមួយនឹងការងារដែលមានប្រាក់ខែខ្ពស់។ ការធ្វើទេសន្ដរប្រវេសន៍ជាអន្តរជាតិ អាចជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍ក្នុងប្រទេសដើម តាមរយៈការបង្កើនប្រាក់ចំណូលរបស់ជនទេសន្ដរប្រវេសន៍ និងនៅក្នុងប្រទេសគោលដៅតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរជំនាញ។ ប៉ុន្តែទេសន្ដរប្រវេសន៍ក៏បានបង្កជាបញ្ហាដល់ជនទេសន្ដរប្រវេសន៍ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ និងជាពិសេសគឺកុមារផងដែរ លក្ខខណ្ឌសុខភាព និងសុវត្ថិភាពក្នុងវិស័យនានាដែលជនទេសន្ដរប្រវេសន៍មានទំនោរទៅធ្វើការ អាចមានភាពមិនច្បាស់លាស់ និងធ្វើឱ្យភាពងាយរងគ្រោះរបស់ពួកគេមានហានិភ័យខ្ពស់។
ក្រសួងសុខាភិបាលបានដាក់ចេញទស្សនវិស័យរួមគឺ ប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានសុខភាព សុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់។ ដើម្បីឆ្លើយតបចក្ខុវិស័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍតាមវិស័យ ក្នុងនោះ វិស័យសុខាភិបាលរួមមានការលើកកម្ពស់សុខភាពជូនប្រជាជន តាមរយ:ការពង្រឹងខឿនការពារសុខភាពជូនប្រជាជន ដោយបន្តអភិវឌ្ឍវិស័យសុខាភិបាលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព និងសុខភាពល្អលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាពដោយផ្តោតលើគោលដៅចំបង២ គឺការពារអាយុជីវិតប្រជាពលរដ្ឋពីហានិភ័យនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងសាហាវផ្សេងទៀត និងគោលដៅទី២ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ដូចជាស្រ្តី កុមារវ័យជំទង់មនុស្សចាស់ជរា ជនមានពិការភាពតាមរយ:ការពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាពនិងទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាពក្នុងដំណើរឆ្ពោះទៅរកការគ្របដណ្តប់សេវាសុខភាពជាសកល៕