
ខេត្តកែប៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យអាជ្ញាធរខេត្តនៃតំបន់ឆ្នេរសមុទ្រទាំង៤ និង ប្រជាពលរដ្ឋក្នុងខេត្តទាំង៤ រួមគ្នារក្សាឱ្យបាននូវកិត្តិនាមជាសមាជិកខ្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសកលលោក និង ឱ្យស័ក្តិសមជាកិត្តិនាមជាតារារះនាទិសនិរតី ជាពិសេសជាខេត្តដែលមានសក្ដានុពលធ្វើជាកំពង់ផែ មានសក្ដានុពលសម្រាប់ទេសចរណ៍ពហុបំណងជាដើម។ការណែនាំនេះ ត្រូវបានថ្លែងឡើងក្នុងពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប នាយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។
សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ខេត្តទាំង៤ដែលជាប់ឆ្នេរសមុទ្រកម្ពុជា ប្រសិនបើផ្គុំគ្នាគឺមិនធំទេ តែកម្ពុជាមានសក្ដានុពលឆ្នេរសមុទ្រ កោះ ធនធានធម្មជាតិ មានសក្ដានុពលធ្វើជាកំពង់ផែ មានសក្ដានុពលសម្រាប់ទេសចរណ៍ពហុបំណងជាដើម។ ដូចនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ចាំបាច់សម្រាប់ការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តទាំង៤ដែលជាប់ឆ្នេរសមុទ្រ គឺត្រូវធានាតម្លៃនៃការអភិវឌ្ឍន៍យូរអង្វែងដើម្បីប្រយោជន៍របស់កម្ពុជា ដាច់ខាតកុំដើម្បីតែប្រកួតប្រជែងគ្នា ដែលនាំឱ្យបាត់បង់ប្រយោជន៍រួម ប៉ុន្តែត្រូវជំរុញការអភិវឌ្ឍលើវិស័យដែលខេត្តមួយនោះមានសក្ដានុពល ឱ្យទទួលបានផល និងចំគោលដៅ ហើយគាំទ្រគ្នាទៅវិញទៅមកដើម្បីប្រយោជន៍របស់កម្ពុជា។
បើតាមសម្តេច ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងនៅតែចាត់ទុកខ្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកជាដៃគូដ៏សំខាន់ក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ត្រូវបន្តកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសក្នុងឋានៈបច្ចុប្បន្នដែលកម្ពុជាកំពុងកាន់ដំណែងដ៏សំខាន់ជាអគ្គលេខាធិការក្នុងស្ថាប័នអន្តរជាតិមួយនេះ។
ក្រសួង ឬស្ថាប័នពាក់ព័ន្ធត្រូវបន្តអាទិភាពក្នុងការអភិវឌ្ឍន៍តំបន់ឆ្នេរ ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។ ការតភ្ជាប់ត្រូវពង្រីកពីតំបន់មួយទៅតំបន់មួយ ការតភ្ជាប់តាមផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ដើម្បីបង្កភាពងាយស្រួលដល់ទេសចរធ្វើដំណើរផ្ទៃក្នុងប្រទេសពីតំបន់ប្រាសាទ និងតំបន់ផ្សេងៗទៀតមកកាន់តំបន់ឆ្នេរ និងត្រូវជំរុញការផលិតផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់ទេសចរណ៍សម្រាប់ជំរុញការនាំចេញនៅនិងកន្លែង៕

