ស្ទឹងត្រែង៖ បង្គោលសញ្ញាសម្គាល់បង្ហាញផ្លូវនាវាចរណ៍ គឺជាសំណង់ប្រវត្តិសាស្រ្តដែលបានសាងសង់នៅតាមដងទន្លេមេគង្គ ក្នុងសម័យអាណានិគមបារាំង គឺជាសំណងដ៏រឹងមាំសម្រាប់នាវាចរណ៍ផ្លូវទឹកចេញពីខេត្តក្រចេះ មកខេត្តស្ទឹងត្រែង ដល់ព្រំដែនកម្ពុជា-ឡាវ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។បច្ចុប្បន្នសំណង់ប្រវត្តិសាស្ត្រនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទេសចរនៅពេលដែលជិះឆ្លងកាត់។
បង្គោលសញ្ញាសម្គាល់បង្ហាញផ្លូវនាវាចរណ៍ សាងសង់ឡើងពីថ្មកំបោរ និងបេតុង ក្នុងចន្លោះឆ្នាំ ១៩១០-១៩២០ ក្នុងសម័យអាណានិគមបារាំង ដែលមានចំនួនសរុប ៤០០ បង្គោល។ ពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង មានចំនួន ២០៦ ដោយ ៨០បង្គោល នៅមានសភាពល្អ និង ២១បង្គោល បានបាក់បែក។
បង្គោលសញ្ញាសម្គាល់បង្ហាញផ្លូវនាវាចរណ៍ ឬ«ថ្មគោល»នេះ គេរៀបចំឡើងនៅក្នុងសម័យអាណានិគមបារាំង ដែលបានមកដាក់អាណានិគមលើប្រទេសកម្ពុជាក្នុងឆ្នាំ ១៨៦៣-១៩៥៣។ បង្គោលនេះមានកម្ពស់ចន្លោះពី ៣-៥ ម៉ែត្រ (តាមទឹករាក់ឬជ្រៅ) ឯបង្គោលខ្លះមានដាក់ដែកតឡើងលើប្រហែលជា ២-៣ ម៉ែត្រ បន្ថែមទៀតក៏មាន។
បង្គោលសញ្ញាសម្គាល់បង្ហាញផ្លូវនាវាចរណ៍នេះ ត្រូវបានប្រទេសបារាំងសាងសង់ឡើងដើម្បីជួយសម្រួលដល់កប៉ាល់ដឹកទំនិញពាណិជ្ជកម្មក្នុងតំបន់ឥណ្ឌូចិនពីក្រុងភ្នំពេញ ខេត្តកំពង់ចាម-ក្រចេះ-ស្ទឹងត្រែង ទៅចតនៅកំពង់ផែប្រទេសឡាវ ខណៈដែលតំបន់នោះសម្បូរដោយថ្មទឹកហូរគូចខ្លាំងការធ្វើដំណើរតាមផ្លូវទឹកមានការលំបាកជួបឧបសគ្គច្រើនទើបគេសង់បង្គោលស៊ីម៉ងត៍ នៅតាមប្រឡោះផ្លូវទឹកនារដូវប្រាំង ដើម្បីជាសញ្ញាងាយស្រួលសម្រាប់អ្នកបើកកប៉ាល់ហៅថា(កាបពីទែន)។
យោងតាមមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តស្ទឹងត្រែង បានឱ្យដឹងថា ការធ្វើដំណើរតាមផ្លូវទឹកនាសម័យនោះ គឺនៅរដូវប្រាំងទូកកាណូតកប៉ាល់អាចដឹកសម្ភារៈចំណុះចាប់ពី ១០០តោនចុះក្រោម បើរដូវវស្សា ចាប់ពីខែសីហាខែកញ្ញាទូកធំអាចដាក់សម្ភារៈទំនិញ ឬដឹងប្រេងចំណុះចាប់ពីជាង ១០០ តោនបាន។ហើយការដឹកជញ្ជូនទំនិញត្រូវបានឱ្យបានត្រឹមត្រូវតាមការកំណត់ ប្រសិនបើអ្នកបើកបរទូកឬនាវាភ័ន្តច្រឡំនោះ គ្រោះថ្នាក់ធំនឹងកើតមានភ្លាមៗ។
បច្ចុប្បន្ននេះ បង្គោលសញ្ញាសម្គាល់បង្ហាញផ្លូវនាវាចរណ៍ ឬ«ថ្មគោល»នេះ បានក្លាយជាតំបន់ដ៏ចាប់អារម្មណ៍របស់ភ្ញៀវទេសចរនៅពេលដែលឆ្លងកាត់ ហើយបានក្លាយជាសំណង់ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់យុវជនខ្មែរជំនាន់ក្រោយដែលចង់សិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជាជាពិសេសនៅក្នុងសម័យអាណានិគមបារាំង៕