កំពង់ធំ៖ កសិករដាំដំណាំស្វាយចន្ទី លោក លី គឹមស៊ុយ បានដាំដំណាំស្វាយចន្ទីរបស់លោកនៅលើផ្ទៃដី១៩ហិកតា ស្ថិតនៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ បើតាមការឱ្យដឹងរបស់លោក លី គឹមស៊ុយ នៅក្នុងមួយឆ្នាំលោកអាចប្រមូលផលដំណាំស្វាយចន្ទី បានប្រមាណជា២.៥តោន ក្នុងមួយហិកតា ដែលគិតជាប្រាក់ចំណូលប្រមាណ ៦,០០០,០០០រៀល ក្នុងមួយឆ្នាំ។
លោក លី គឹមស៊ុយ បានចាប់ផ្តើមដាំស្វាយចន្ទីចាប់តាំងពីឆ្នាំ ២០០៦ មកម្លេះ ហើយបច្ចុប្បន្ននេះលោកមានផ្ទៃដីដាំដំណាំស្វាយចន្ទីសរុបចំនួន ១៩ ហិកតា ដែលជាដីរបស់លោកផ្ទាល់ ហើយក្នុងនោះដំណាំស្វាយចន្ទីមានលំដាប់អាយុខុសៗគ្នា ដូចជា ស្វាយចន្ទីអាយុ៤ឆ្នាំ ៥ហិកតា, អាយុ៥ឆ្នាំ ៤ហិកតា, អាយុ៦ឆ្នាំ ៣ហិកតា និង អាយុ៨ឆ្នាំ ៣ហិកតា។ លោក លី គឹមស៊ុយ ដាំស្វាយចន្ទី ២ប្រភេទ រួមមាន ពូជអឹម២៣ ចំនួន១៨ហិកតា និងពូដូនណៃចំនួន១ហិកតា។ ហើយចំការនេះដែរ មានទីតាំងស្ថិតនៅភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ថ្លែងប្រាប់អ្នកសារព័ត៌មានស៊ីស៊ីថាមស៍ លោក លី គឹមស៊ុយ បានឱ្យដឹងថា ជាទូទៅដំណាំស្វាយចន្ទីអាចប្រមូលផលបានចាប់ពីអាយុ២ឆ្នាំ ហើយការប្រមូលផលនៅឆ្នាំដំបូងអាចទទួលបានតិច ដែលអាចទទួលបានទិន្នផលចន្លោះពី ២០០-៣០០គីឡូក្រាម ក្នុងមួយហិកតា។ ប៉ុន្ដែការប្រមូលផលចាប់ពីឆ្នាំទី២ គឺទទួលបានទិន្នផលខ្ពស់ ស្របពេលជាមួយគ្នានោះ តម្លៃនៅលើទីផ្សារក៏មានការចុះថ្លៃខ្លះ ដែលជាមធ្យមគ្រាប់ស្វាយចន្ទីស្រស់មានតម្លៃជាមធ្យម៤,០០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្ដែនៅដើមរដូវលោកអាចទទួលបានប្រមាណ ៦០០០-៧០០០រៀលក្នុងមួយគីឡូក្រាម។ ដំណាំស្វាយចន្ទី អាចប្រមូលផលបីដងក្នុងមួយឆ្នាំ នៅក្នុងខែមករា ដើមខែមីនា និងខែឧសភា។
កសិកររូបនេះបានបន្ដថា ដើម្បីឱ្យដំណាំស្វាយចន្ទីទទួលបានទិន្នផលខ្ពស់ គឺត្រូវជ្រើសរើសពូជ រៀបចំដី និងយល់ដឹងពីបច្ចេកទេលដាំដុះ ក៏ដូចជាការគ្រប់គ្រងជីវជាតិដី និងការផលិតជីទឹកធម្មជាតិ និង ការតាក់តែងមែក និងធ្វើអនាម័យចម្ការ ដែលជាទូទៅនៅក្នុងខែកក្កដាដំណាំនេះត្រូវតាក់តែងមែក រហូតដល់ចុងខែកញ្ញាទើបចាប់ផ្ដើមដាក់ជី និងនៅដើមខែតុលាចាប់ផ្ដើមថែទាំដោយការបាញ់ថ្នាំបំប៉នផ្សេងៗ។
គួរបញ្ជាក់ថា លោក លី គឹមស៊ុយ ទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេសអំពីការដាំដំណាំស្វាយចន្ទី ពីគម្រោងCRAS របស់ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) ក្នុងការអនុវត្តកសិកម្មឆ្លាតវៃ នៅចម្ការរបស់លោក។ បន្ថែមពីនេះលោក លី គឹមស៊ុយ ក៏ជាគ្រូបង្គោលនៃអង្គការ GIZ ដែលផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសដល់កសិករក្នុងឃុំ ក្នុងការអនុវត្តកសិកម្មធន់នឹងអាកាសធាតុ ផងដែរ។ តាមរយៈការចូលរួមជាមួយ GIZ ធ្វើឱ្យលោកបានយល់ដឹងពីបច្ចេកទេសគ្រប់គ្រងសត្វល្អិតនៅតាមរដូវ ក៏ដូចជាផ្លាស់ប្ដូរពីការប្រើប្រាស់ជីនិងថ្នាំគីមី មកផលិត និងប្រើប្រាស់ ជីនិងថ្នាំធម្មជាតិវិញ។ ហើយការចេះធ្វើជី និងថ្នាំសម្លាប់សត្វល្អិត តាមបែបធម្មជាតិ ចំណាយតិច និងទទួលបានទិន្នផលខ្ពស់។
ជាមួយគ្នានោះលោក លី គឹមស៊ុយ ក៏អំពាវនាវឱ្យប្រជាកសិករដែលដាំដំណាំស្វាយចន្ទី ឱ្យស្វែងយល់ពីបច្ចេកទេសដាំដុះដំណាំប្រភេទនេះ តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗពីអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការពាក់ព័ន្ធនឹងដំណាំស្វាយចន្ទី និងសូមកុំគិតថាវគ្គបណ្ដុះបណ្ដាលទាំងនេះធ្វើឡើងដដែល៕