Cctime 6monthsfree desktop
Cc times  web banner kh (2)

ទេសចរជិត២៧ម៉ឺននាក់ចូលរួមលេងកម្សាន្ត«បុណ្យសមុទ្រ»នៅកែប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ខេត្តកែប៖ បុណ្យសមុទ្រឆ្នាំនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិសរុបចំនួន ២៦៨,១៦០ នាក់ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យ ពោលគឺចាប់ពីថ្ងៃទី០១-០៣ធ្នូកន្លងទៅនេះ ខណៈខេត្តកែបបានរៀបចំកម្មវិធីជាច្រើននៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះសម្រាប់ទាក់ទាញភ្ញៀវទេសចរ។

ដូចការគ្រោងទុក ព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្តកែប បានរៀបចំទៅដោយមានកម្មវិធីជាច្រើនដូចជា ការប្រកួតកីឡាប្រដាល់ក្បាច់គុណខ្មែរ, ការដាំដើមឈើនៅតាមឆ្នេរអង្កោលថ្មី, ការប្រគុំតន្រ្តី, តាំងពិព័រណ៌, និង ព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត។ ក្នុងរយៈពេល៣ថ្ងៃនៃការប្រារព្ធបុណ្យសមុទ្រឆ្នាំនេះ ខេត្តកែបទទួលបានភ្ញៀវទេសចរសរុបជិត ២៧ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៦៦,៤១៧ នាក់ និង ភ្ញៀវទេសចរបរទេសចំនួន ១,៧៤៣នាក់។

គួរបញ្ជាក់ថា នេះជាលើកទី៣ហើយដែលខេត្តកែបទទួលបានសិទ្ធិរៀបចំបុណ្យសមុទ្រ ខណៈបុណ្យសមុទ្រនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ជាគំនិតផ្តួចផ្តើមឡើងរបស់អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេច ហ៊ុន សែន។ បុណ្យសមុទ្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមដើរលេងកម្សាន្តនៅកម្ពុជា។

ចំពោះព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្តកែប បានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ០១-០៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានការចួលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង