កំពង់ស្ពឺ៖ គម្រោងលំនៅឋាន ម៉ន ដានី ចាប់ដៃគូសហការជាមួយគម្រោងលំនៅឋានភូមិដ្ឋានសន្តិភាព នៅថ្ងៃទី ១ ធ្នូនេះ បានប្រកាសបើកការដ្ឋានសាងសង់«គម្រោងទី២៩»ឡើងវិញ ដែលមានទីតាំងស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់ជ័យ ភូមិដុតកំបោរ ភូមិភាន្សា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ពិធីបើកសម្ពោធនេះមានការអញ្ជើញចូលរួមពីលោកស្រី ម៉ន ដានី អគ្គនាយិកាគម្រោងលំនៅឋាន ខេភី ម៉ន ដានី អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ប្រធានកិត្តិយស គម្រោងលំនៅដ្ឋានភូមិសន្តិភាព លោក លួម ផល្លី ប្រធានគម្រោងភូមិសន្តិភាព ព្រមទាំងភាគីពាក់ព័ន្ធ និង អតិថិជនជាច្រើននាក់ទៀត។
ថ្លែងក្នុងពិធីសម្ពោធ លោកស្រី ម៉ន ដានី បានបញ្ជាក់ប្រាប់អតិថិជនរបស់គម្រោងលំនៅឋាន ម៉ន ដានី ដែលមានបញ្ហាថា ក្រុមហ៊ុនបានប្រកាសបើកការដ្ឋានសាងសង់ឡើងវិញ ដើម្បីបន្តអនុវត្តតាមកិច្ចសន្យារវាងក្រុមហ៊ុន និង អតិថិជន ជាពិសេស ដើម្បីការពារផលប្រយោជន៍អតិថិជន។ លោកស្រីស្នើសុំអតិថិជនបន្តជឿជាក់ និង សហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ហើយក្រុមហ៊ុននៅតែមានឆន្ទៈសាងសង់នឹងប្រគល់ផ្ទះជូនអតិថិជនតាមការសន្យា និង ពុំគេចវេះទៅទីណាឡើយ ហើយលោកស្រីប្ដេជ្ញាចិត្តបន្តការពារផលប្រយោជន៍របស់អតិថិជន។
គួរបញ្ជាក់ថា «គម្រោងទី២៩» គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៣១គម្រោងរបស់ក្រុមហ៊ុន។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់លើកដំបូងនៅក្នុងឆ្នាំ២០២១ នៅដំណាក់កាលដំបូងលើផ្ទៃដី១០០ហិកតា ក្នុងដើមទុនប្រមាណជា ៥៣, ០២៥,០០០ ដុល្លារ។ ការសាងសង់ចាប់ផ្ដើមដំណើរការបាន២៥% ស្ថានភាពនៃការរីករាលដាលកូវីដ-១៩ នៅលើពិភពលោកក៏បានឈានមកដល់ប្រទេសកម្ពុជា ហើយបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារអចលនវត្ថុនៅកម្ពុជា ក្នុងនោះក៏មានគម្រោងលំនៅឋាន ម៉ន ដានី ផងដែរ៕
