សៀមរាប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ស្ថានទូកអាម៉េរិកប្រចាំនៅកម្ពុជានៅថ្ងៃទី ១ ធ្នូនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង។កិច្ចព្រមព្រៀងនេះនឹងចូលរួមបន្ថែមទៀតសម្រាប់ការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
អាម៉េរិកមិនត្រឹមតែផ្ដល់ជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទដ៏ទៃទៀតក្នុងរមណីយដ្ឋានអង្គរប៉ុណ្ណោះទេ គឺកន្លងមកអាម៉េរិកក៏បានជួយជាច្រើនដូចជា គម្រោងជួសជុលជណ្ដើរខាងជើងរបស់ប្រាសាទព្រះវិហារ ព្រមទាំងបានបញ្ជូនវត្ថុសិល្បៈបុរាណរបស់ខ្មែរមួយចំនួនឱ្យវិលត្រឡប់មកមាតុភូមិវិញផងដែរ។នេះជាការលើកឡើងរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រិក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា។
លោកស្រី បានចាត់ទុកកិច្ចសហប្រតិបត្តិការនៃជំនួយរបស់អាម៉េរិកនេះ បានផ្ដល់នូវផលប្រយោជន៍យ៉ាងខ្លាំងរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ និង ជាពិសេសមិនត្រឹមតែបានជួយជ្រោមជ្រែងលើការជួសជុលប្រាង្គប្រាសាទទេ តែថែមទាំងបានជួយសម្របសម្រួលក្នុងការនាំយកមកវិញនូវវត្ថុសិល្បៈដែលកម្ពុជាបានបាត់បង់ជាយូរឆ្នាំកន្លងមក។
លោក Patrick W. Murphy អគ្គរដ្ឋទូកអាម៉េរិកប្រចាំនៅកម្ពុជា បានហៅចុះកិច្ចព្រមព្រៀងនាពេលនេះ គឺជាគម្រោងមួយប្រកបដោយលទ្ធផលល្អប្រសើរនាពេលកន្លងមក ហើយនឹងជួយជំរុញបន្តលើគម្រោងនេះ គឺជាការបង្ហាញការយកចិត្តទុកដាក់បន្ថែមទៀតរបស់រដ្ឋាភិបាលអាម៉េរិកលើការងារអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
គួរបញ្ជាក់ថា ប្រាសាទភ្នំបាខែង កសាងឡើងតាំងពីឆ្នាំ៩០៧នៃគ្រីស្តសករាជ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះ ស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។បច្ចុប្បន្នប្រាសាទនេះ កំពុងទាកទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍យ៉ាងខ្លាំងឱ្យឡើងទៅទស្សនាទេសភាពពេលថ្ងៃរៀបលិចព្រមទាំងជាកន្លែងដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋឡើងទៅហាត់ប្រាណជារៀងរាល់៕