
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលុបចោលនូវគម្រោងមួយចំនួន ដើម្បីចូលរួមការការពារបរិស្ថានស្អាត និង ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាពីការប្រែប្រួលអាកាសធាតុ។នេះជាកាដូពិសេស ហើយត្រូវបានក្រសួងបរិស្ថាននាំយកទៅចែកជូនអ្នកចូលរួមកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ។
នៅរយៈពេលជិត១០០ថ្ងៃនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានសម្រេចលុបចោលនៅគម្រោងមួយចំនួនក្នុងនោះមានជាអាទិ៍៖ លុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LPGវិញ។ អភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបានមុនឆ្នាំ២០២៨។ការបង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឱ្យបានដល់កម្រិត៧០ភាគរយ។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលថ្មីបន្តមិនអនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គ និង បន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជានោះទេ។ហើយជំនួសមកវិញ នូវយុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និង សំណល់រឹងនិងរាវ ដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ និងកំពុងកើនឡើង និង យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាល និង តំបន់ការពារយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ពង្រីកគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។
យោងតាមក្រសួងបរិស្ថានកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ។ក្នុងកិច្ចប្រជុំនោះ ប្រតិភូកម្ពុជា នឹងនាំយកកាដូទាំងនោះចែករំលែកដល់សាធារណជន ដើម្បីបង្ហាញពិភពលោកអំពីការប្តេជ្ញាចិត្តខ្ពស់ និង ការចូលរួមយ៉ាងសកម្នរបស់កម្ពុជា ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាពីការប្រែប្រួលអាកាសធាតុផង និងបង្ហាញពិភពលោកផងដែរអំពី សុខ សន្តិភាព និង ស្ថេរភាពកម្ពុជា បន្ថែមទៅដោយភាពស្អាត ភាពបៃតង ដែលកម្ពុជាកំពុងមាន ដែលជាទីសម្រាប់ទេសចរណ៍ វិនិយោគ និងអភិវឌ្ឍប្រកបដោយបរិយាប័ន ឈានឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអព្យាក្រិតកាបូននៅឆ្នាំ២០៥០៕