ឡាវ៖ រដ្ឋាភិបាលឡាវគ្រោងនឹងធ្វើវិសោធនកម្មច្បាប់របស់ខ្លួនស្តីពីការទប់ស្កាត់ និងការត្រួតពិនិត្យគ្រឿងញៀន ដើម្បីបញ្ចូលបារីអេឡិចត្រូនិចទៅក្នុងបញ្ជីសារធាតុហាមឃាត់។ ការសម្រេចចិត្តនេះធ្វើឡើងដើម្បីឆ្លើយតបនឹងបញ្ហាកាន់តែខ្លាំងឡើងនៃការញៀនបារីអេឡិចត្រូនិក ជាពិសេសក្នុងចំណោមយុវជនក្នុងប្រទេស។
ថ្លែងទៅកាន់រដ្ឋសភាកាលពីដើមខែវិច្ឆិកា នាយឧត្តមសេនីយ៍ វីឡាយ ឡាខមផុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈបានគូសបញ្ជាក់ថា ឧបករណ៍ទាំងនេះនឹងត្រូវបានចាត់ថ្នាក់ជាសារធាតុហាមឃាត់ភ្លាមៗ ដោយលោកនឹងឧបករណ៍ទាំងនេះទៅក្នុងបញ្ជីផលិតផលដែលមានផ្ទុកសារធាតុញៀន និងសារធាតុហាមឃាត់។
កាលពីចុងខែសីហា លោកវេជ្ជបណ្ឌិត Thongphoun Meunphilomhe នៃមន្ទីរពេទ្យ Mittaphab បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងនៃការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងប្រទេសឡាវ ដោយលោកបានលើកឡើងពីករណីសោកនាដកម្មនៃអ្នកជំងឺវ័យក្មេងម្នាក់ដែលការស្លាប់គឺទាក់ទងទៅនឹងបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរដែលបណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិច។
លើសពីនេះ របាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ ២០២២ បានប៉ាន់ប្រមាណថា ជំងឺទាក់ទងនឹងថ្នាំជក់បណ្តាលឱ្យមនុស្សស្លាប់ជិត ៦,៨០០នាក់ និងធ្វើឱ្យខាតបង់ថវិកាចំនួន ១៧៣ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ យោងតាមក្រសួងបានឱ្យដឹងថា បារីអេឡិចត្រូនិចត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ដូចថ្នាំជក់ ហើយបើគ្មានវិធានការរឹតបន្តឹងទាន់ពេលវេលាទេនោះ ប្រទេសជាតិនឹងប្រឈមមុខនឹងរលកថ្មីនៃការញៀនបារីអេឡិចត្រូនិកឆាប់ៗនេះ។
ការសម្រេចចិត្តរបស់ឡាវក្នុងការហាមប្រាមបារីអេឡិចត្រូនិចគឺស្របជាមួយនឹងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រ៊ុយណេ កម្ពុជា សិង្ហបូរី និងថៃបានអនុវត្តវិធានការស្រដៀងគ្នានេះរួចហើយ ដោយឆ្លុះបញ្ចាំងពីវិធីសាស្រ្តរួមក្នុងការដោះស្រាយបញ្ហានេះ៕