ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រគល់អំណោយជូនក្រសួងកសិកម្មកម្ពុជា ជាសម្ភារៈការិយាល័យ រួមមាន កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុចំនួន១១គ្រឿង និងសម្ភារៈមួយចំនួនទៀត គិតជាទឹកប្រាក់សរុបប្រមាណ ១៥ ០០០ដុល្លារអាម៉េរិក។ អំណោយទាំងនេះ នឹងត្រូវនាំមកប្រគល់ជូនដល់អង្គភាពចំណុះក្រសួង ដើម្បីប្រើប្រាស់បម្រើការងារ។
នាឱកាសនេះ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា អំណោយរបស់ស្ថានទូតចិន ជាពិសេសអំណោយជាកុំព្យូទ័រយួរដៃ នាពេលនេះ ពិតជាមានសារសំខាន់ ដើម្បីជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងារមន្រ្តី ដែលឆ្លើយតបទៅនឹងតម្រូវទៅនឹងតម្រូវការជាក់ស្តែង និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាល ដែលការពង្រឹងសមត្ថភាពធនធានមនុស្ស និងការជំរុញប្រើប្រាស់បច្ចេកវិទ្យា គឺជាសសរស្តម្ភពីរដ៏សំខាន់ សំដៅចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០របស់កម្ពុជា។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតចិនប្រចាំកម្ពុជា ដែលបានយកអំណោយទាំងនេះមកប្រគល់ជូនក្រសួង ស្ថាប័ន និងអង្គភាពនានារបស់កម្ពុជា ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ លោកបន្ថែមថា លោកនឹងថែរក្សាទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍ដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរគឺកម្ពុជា និងចិន។
គួររំលឹកថា កាលពីឆ្នាំ២០២២កន្លងទៅ ស្ថានទូតចិនក៏បានផ្តល់អំណោយមកកម្ពុជាផងដែររួមមាន កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ និងម៉ាស៊ីនព្រីនជាច្រើនគ្រឿង ជូនដល់បណ្ណាល័យឯកឧត្តម ហ៊ុន ម៉ានី នៅខេត្តកំពង់ស្ពឺ និងទីស្តីការគណៈរដ្ឋមន្រ្តី និងកង់ចំនួន៣០០គ្រឿង ដល់សិស្សានុសិស្សនៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តតាកែវ ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៥ម៉ឺនដុល្លារអាម៉េរិក។
ក្នុងឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បាននាំយកអំណោយជាសម្ភារៈការិយាល័យ រួមមានកុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងសម្ភារៈមួយចំនួន ជូនដល់អង្គភាពចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកំពុងសហការផលិតវីដេអូផ្សព្វផ្សាយមួយចំនួន ដើម្បីគាំទ្រដល់សកម្មភាពការងាររបស់ក្រសួង ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៥ម៉ឺនដុល្លារអាម៉េរិកទៀត៕