Cc time web banner 054637

រយៈពេល១០ខែកម្ពុជានាំចេញ«គ្រាប់ស្វាយចន្ទីឆៅ»បានជាង៦១ម៉ឺនតោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ត្រឹមរយៈពេល១០ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦១ម៉ឺនតោន ដែលមានទំហំទឹកប្រាក់ ៨៣១លានដុល្លារ ថយចុះជិត ១៦.៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យ ពីសមាគមស្វាយចន្ទីកម្ពុជា។

បើតាមទិន្នន័យរបស់ក្រសួងកសិកម្ម ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង៣៨ម៉ឺនតោន ទៅកាន់ប្រទេសចិន ជប៉ុន បង់ក្លាដេស វៀតណាម និងប្រទេសថៃ។ ខណៈគ្រាប់ចន្ទីកែច្នៃមានចំនួន ៧៥៦តោន នាំចេញទៅប្រទេសចិន សាធារណៈរដ្ឋឆេក ជប៉ុន កូរ៉េ ហូឡង់ វៀតណាម ថៃ តៃវ៉ាន់ និងអាម៉េរិក។ បើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ក្នុងរយៈពេល១០ខែ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៦១ម៉ឺនតោន ដែលតម្លៃគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ ១២០០ - ១៩០០ ដុល្លារ ក្នុងមួយតោន។

បើតាមប្រសាសន៍លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជាជាប្រទេសដែលមានសក្ដានុពលខ្លាំងលើដំណាំស្វាយចន្ទី ដែលកសិករប្រមូលផលក្នុងមួយឆ្នាំចន្លោះពី ៦០ម៉ឺនតោន ទៅ៨០ម៉ឺនតោន។ នៅក្នុងឆ្នាំ២០២១កន្លងទៅ ផលស្វាយចន្ទីដែលប្រមូលបានមានចំនួនជាងមួយលានតោន ប៉ុន្ដែការកែច្នៃរបស់កម្ពុជានៅមានកម្រិតនៅឡើយ ខណៈផលដែលប្រមូលបានមានតែ ៥ - ១០% ដែលបានកែច្នៃនៅក្នុងស្រុក និង៩០%ទៀត គឺលក់ជាវត្ថុធាតុដើមទៅបរទេស។

លោក រាជ រ៉ា បានបន្ដថា ដោយមើលឃើញពីសក្ដានុពល បញ្ហាប្រឈម និងឱកាសនៃដំណាំស្វាយចន្ទី ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងដៃគូរពាក់ព័ន្ធ បានរួមគ្នារៀនចំនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧ ដែលបានផ្តោតសំខាន់ទៅលើការដាំដុះ ការកែច្នៃ និងការនាំចេញ និងមានចក្ខុវិស័យក្នុងការអភិវឌ្ឍផលិតកម្មកែច្នៃទីផ្សារស្វាយចន្ទី ឱ្យមានលក្ខណៈប្រកួតប្រជែង ធានានូវនិរន្ដរភាព និងមានគោលបំណងកែប្រែប្រទេសកម្ពុជា ឱ្យទៅជាប្រទេសផលិត និងនាំចេញស្វាយចន្ទីធំជាងគេនៅលើពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង