ភ្នំពេញ៖ ប្រទេសអូស្ត្រាលី នឹងផ្តល់ថវិកាចំនួន ៥ លានដុល្លារ ដល់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP) ដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាផ្នែកសុខភាពមាតា កុមារ និងអាហារូបត្ថម្ភនៅទូទាំង ៩ ខេត្តក្នុងប្រទេសកម្ពុជា។
ថ្មីៗនេះ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានរៀបចំសិក្ខាសាលារយៈពេលពីរថ្ងៃនៅខេត្តសៀមរាប ដើម្បីរៀបចំផែនការសកម្មភាព និងគម្រោងថវិកាប្រចាំឆ្នាំ ២០២៤។ សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដែលក្នុងនោះ មានតំណាងមកពីខាងធនាគារពិភពលោកចំនួន ៤៨នាក់ រដ្ឋាភិបាលអូស្ត្រាលី គ្រឹះស្ថានហិរញ្ញវត្ថុសកល និងអង្គភាពពាក់ព័ន្ធនានាផងដែរ។
នៅក្នុងសិក្ខាសាលានេះ មានការពិភាក្សាយ៉ាងទូលំទូលាយជាមួយអង្គភាពពាក់ព័ន្ធនានាលើសកម្មភាព និងថវិកាដែលបានគ្រោងទុក ដើម្បីធានាការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពក្នុងកំឡុងឆ្នាំ ២០២៤។
គួរបញ្ជាក់ថា បន្ទាប់ពីសិក្ខាសាលានេះត្រូវបានបញ្ចប់ ផែនការការងារប្រចាំឆ្នាំ និងថវិកាសម្រាប់ឆ្នាំ ២០២៤ ត្រូវបានរៀបចំរូចរាល់ ៩០% ដោយរំពឹងថានឹងអាចបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ៕