
ភ្នំពេញ៖ សមាគមបច្ចេកវិទ្យាឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ (KOITA) បានបង្ហាញការចាប់អារម្មណ៍យ៉ាងក្រៃលែងក្នុងការមកសិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងស្វែងរកដៃគូដើម្បីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។ ចំណាប់អារម្មណ៍នេះត្រូវបានបង្ហាញឡើងនាឱកាសពិភាក្សាការងាររវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាមួយគណៈប្រតិភូ KOITA ដែលដឹកនាំដោយ លោក SHIM MYOUNG SIK ប្រធានក្រុមស្រាវជ្រាវទីផ្សារបរទេសពាក់ព័ន្ធនឹងបច្ចេកវិទ្យាថ្មីល្អឥតខ្ចោះនៃសមាគមបច្ចេកវិទ្យាឧស្សាហកម្មកូរ៉េ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
កិច្ចពិភាក្សាការងារខាងលើបានរៀបចំ និងប្រព្រឹត្តទៅក្នុងគោលបំណងលើកកម្ពស់ការសិក្សាស្វែងយល់អំពីរបបវិនិយោគ, កាលានុវត្តភាពធុរកិច្ច, និងបរិស្ថានវិនិយោគកម្ពុជាក្នុងដំណាក់កាលរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក សួន សុផល បានជម្រាបជូនគណៈប្រតិភូអំពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការចូលរួមលើកកម្ពស់ និងផ្តល់កិច្ចសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុក ដើម្បីសម្រេចបាននូវវិស័យឯកជនដែលមានស្ថិរភាព និងភាពរឹងមាំក្នុងដំណើរការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដាក់ចេញនូវយន្តការជាច្រើន ហើយក្នុងនោះរួមមានការធ្វើបច្ចុប្បន្នភាពថ្មីនៃរបបវិនិយោគដែលបាន និងកំពុងចូលរួមជាអនេកក្នុងការបង្កើតបរិយាកាសធុរកិច្ចឈ្នះ-ឈ្នះ និងបរិស្ថានវិនិយោគកក់ក្តៅជូនវិនិយោគិន សំដៅធានាបាននូវភាពជោគជ័យ និងការរីកលូតលាស់នៃគម្រោងវិនិយោគរបស់វិស័យឯកជននៅលើទឹកដីកម្ពុជា។
ជាការឆ្លើយតប សមភាគីបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងក្រៃលែងក្នុងការមកសិក្សាសមិទ្ធិលទ្ធភាព ព្រមទាំងស្វែងរកដៃគូដើម្បីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ថា គណៈប្រតិភូដែលបានអញ្ជើញចូលរួមនាឱកាសនេះមានសមាសភាពមកពីវិស័យយានយន្ត, អេឡិចត្រូនិក, ឌីជីថល, អគ្គិសនី, ថាមពលបៃតង, បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍៕
