ភ្នំពេញ៖ កម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តធ្វើការជិតស្និទ្ធ ជាមួយភាគីឥណ្ឌូណេស៊ី ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ កាប្ដេជ្ញានេះត្រូវបានធ្វឡើងនាឱកាសពិភាក្សាការងាររវាងលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស។
នៅក្នុងជំនួបនេះ ភាគីទាំងពីរសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ដែលបានបន្តរីកចម្រើនជាលំដាប់ លើវិស័យជាច្រើន និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិភាព រួមមាន នយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងការប្រឆាំង នឹងការជួញដូរមនុស្ស និងឧកិ្រដ្ឋកម្មឆ្លងដែននានា។
ភាគីកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តធ្វើការជិតស្និទ្ធ ជាមួយភាគីឥណ្ឌូណេស៊ី ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕