Cc time web banner 054637

ក្រសួងទេសចរណ៍៖ម្ចាស់អាជីវកម្មត្រូវរក្សាតម្លៃទំនិញនិងសេវាកម្មឱ្យបានសមរម្យអំឡុងបុណ្យអុំទូក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ឱ្យរក្សាអានាម័យ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងការតុបតែងលម្អអាជីវកម្មនានា ជាពិសេសត្រូវរក្សាតម្លៃនៃអាជីវកម្ម ឬសេវាកម្មឱ្យបានសមរម្យ និងត្រូវរក្សាគុណភាព បរិមាណផលិតផល និងសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អថែមទៀត ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍។

ក្នុងនោះ ក្រសួងទេសចរណ៍បានណែនាំដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវផ្ដល់កិច្ចសហការល្អជាមួយអាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ភាពស្អាត ពិសេសចំពោះសេវាកម្មមួយចំនួនដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព។ ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរដែលមកទទួលយកសេវាកម្មរបស់ខ្លួនដោយត្រូវជូនដំណឹងដល់ភ្ញៀវអំពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមានបំពាក់ស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតយានយន្តដោយគ្មាន សណ្តាប់ធ្នាប់ និងបង្កឱ្យប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។

ម្យ៉ាងវិញទៀត ផ្នែកខាងក្រៅអាជីវកម្ម ត្រូវមានរៀបចំដាក់តុបតែងភ្លើងលម្អ នឹងដាក់បង្ហាញទង់ជាតិកម្ពុជា។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទាំង ៣ព្រះអង្គ ស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជវាំង និងក្រសួងទេសចរណ៍។

ម្ចាស់អាជីវកម្មទាំងអស់ត្រូវតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅអាជីវកម្ម ដោយត្រូវបង្ហាញអំពីវប្បធម៌ខ្មែរអត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេស របស់រាជធានី ខេត្តដោយមិនប្រាសចាកពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ។ ផលិតផល ឬសេវាកម្មរបស់ខ្លួនត្រូវដាក់បង្ហាញជាសាធារណៈ តាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានពិចារណាជ្រើសរើសដោយភ្ញៀវ។ ត្រូវរក្សាតម្លៃនៃអាជីវកម្ម ឬសេវាកម្មឱ្យបានសមរម្យ និងត្រូវរក្សាគុណភាព បរិមាណផលិតផល និងសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អថែមទៀត និងថែរក្សាអនាម័យបន្ទប់ទឹកជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង