ភ្នំពេញ៖ សហអាម៉េរិក សន្យានឹងបន្តផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរ និងទាក់ទាញធុរកិច្ចវិនិយោគគិនអាម៉េរិក ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈអាម៉េរិកគឺជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជាលើផលិតផលចម្បងៗដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ជាដើម។ នេះជាការលើកឡើងរបស់លោក M. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២វិច្ឆិកានេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នាឱកាសនេះ លោក អូន ព័ន្ធមុន្នីរ័ត្ន បានអរគុណចំពោះឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉រិកប្រចាំកម្ពុជា និងក្រុមបេសកកម្មដែលតែងតែចូលរួមយ៉ាងសកម្ម ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩កន្លងមក ។ តាមរយៈ CDC និង USAID សហអាម៉េរិកនៅតែបន្តគាំទ្រទៅលើវិស័យសុខាភិបាល និងសុខភាពសាធារណៈ ដើម្បីជួយកម្ពុជាក្នុងការទប់ទល់នឹងវិបត្តិជំងឺរាតត្បាតសកល ។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចក៏បានគូសបញ្ជាក់ជាថ្មីម្ដងទៀតនូវជំហរគាំទ្ររបស់កម្ពុជាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអាទិភាពដែលទាក់ទាញវិនិយោគគិនពីអាម៉េរិកមកកម្ពុជាបន្ថែមទៀត៕