Cc time web banner 054637

កម្ពុជានឹងជួយសម្រួលដល់ការបណ្ដាក់ទុនរបស់ជប៉ុនក្នុងវិស័យកសិកម្មកម្ពុជាកុំឱ្យមានភាពរាំងស្ទះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្កត់ធ្ងន់ថា ក្រសួងស្វាគមន៍ និងត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រ សហការ និងសម្របសម្រួល ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគជប៉ុន មានលទ្ធភាពចូលមកវិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជាបាន ដោយពុំមានឧបសគ្គរាំងស្ទះ ខណៈនាពេលកន្លងមក ភាគីជប៉ុន បានចូលរួមជួយផ្សព្វផ្សាយផលិតផលកសិកម្មកម្ពុជាដល់អ្នកវិនិយោគជប៉ុន។ ការគូសបង្ហាញយ៉ាងដូច្នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក ឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម។

លោក ឌិត ទីណា បានអរគុណចំពោះភាគីជប៉ុន ដែលបានចូលរួមជួយផ្សព្វផ្សាយផលិតផលកសិកម្មកម្ពុជាដល់អ្នកវិនិយោគជប៉ុន។ ចំពោះការវិនិយោគក្នុងវិស័យកសិកម្មនេះ លោកបានគូសបញ្ជាក់ថា កម្ពុជាមានកសិផលដែលមានសក្តានុពលច្រើនសម្រាប់នាំចេញទៅប្រទេសជប៉ុន ដូចជា ផ្លែស្វាយស្រស់ និងស្វាយចន្ទី ដែលមានគុណភាពល្អ និងរសជាតិឆ្ងាញ់។ សម្បកគ្រាប់ស្វាយចន្ទីក៏ជាផលិតផលដែលកំពុងត្រូវការទីផ្សារ សម្រាប់យកទៅផលិតជាថាមពលជីវម៉ាសផងដែរ។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់អំពីគោលនយោបាយអភិវឌ្ឍកសិកម្មកម្ពុជា ដែលនឹងជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យរឹងមាំ និងទុកចិត្តបាន ដើម្បីផ្គត់ផ្គង់ដល់ការនិយោគទ្រង់ទ្រាយធំ។ សហគមន៍កសិកម្មទំនើបនេះ នឹងមានភាពម្ចាស់ការ ទុនបង្វិល និងធនធានមនុស្សដែលមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ។ ទន្ទឹមគ្នានេះ ក្រសួងក៏នឹងដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មចំនួន ១.៦០០នាក់ សម្រាប់ជួយដល់កសិករក្នុងមូលដ្ឋានទាំងបច្ចេកទេស និងទីផ្សារ។

ទាក់ទងនឹងការងារផ្នែកហិរញ្ញវត្ថុ លោក ឌិត ទីណា បានលើកឡើងអំពីកិច្ចសហការថ្មីមួយជាមួយធនាគារវីង ដែលផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបត្រឹម ៧-៨%ក្នុងមួយឆ្នាំ ដើម្បីរួមចំណែកជួយដល់កសិករក្នុងការងារកសិកម្ម ហើយនេះជាគំរូមួយដែលធនាគារដទៃទៀត អាចពិនិត្យលទ្ធភាពក្នុងការចូលរួមជាមួយក្រសួង ដើម្បីជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាកសិករ និងការអភិវឌ្ឍនៃវិស័យកសិកម្មកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង