
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក នឹងបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្ពុជាបន្ថែមទៀត ជាពិសេសសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ នេះជាប្រសាសន៍របស់លោក Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានលើកឡើងនាឱកាសពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
នាឱកាសនេះ ឯកអគ្គរដ្ឋទូតរូបនេះ បានបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនឹងបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្ពុជាបន្ថែមទៀត ជាពិសេសសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។
លោក ហេង សួរ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឆែក ដែលបានជួយគាំទ្រដល់កម្ពុជាទាំងវិស័យការងារ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនាពេលកន្លងមក។ ជាក់ស្តែង តាមរយៈអង្គការ People In Need (PIN) នៃសាធារណរដ្ឋឆែក បានសហការគាំទ្រយ៉ាងខ្លាំង ជាមួយទីភ្នាក់ងារជាតិ និងមុខរបរ (NEA) រួមនិងការជួយទាំងផ្នែកឧបករណ៍សម្ភារៈបច្ចេកទេស គ្រូបង្គោល ជំនាញបច្ចេកទេសជាដើម ដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មទៀតផង។
រដ្ឋមន្រ្តីក្រសួងការងារបានគូសបញ្ជាក់ថា សាធារណរដ្ឋឆែកជាដៃគូដ៏សំខាន់ក្នុងការផ្តល់ការអប់រំដល់ប្រជាជនកម្ពុជា ជាក់ស្តែងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប បានបញ្ចប់ការសិក្សាអប់រំពីសាធារណរដ្ឋឆែកនាពេលកន្លងមក។
ទន្ទឹមនេះ លោកបានស្នើដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ពិនិត្យលើការជួយគាំទ្រក្នុងការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្នុងតំបន់រោងចក្រ ដើម្បីអាចធានាបាននូវការបង្កើតមូលធនមនុស្សជំនាន់ក្រោយប្រកបដោយគុណភាព និងសុខមាលភាពផងដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក កំពុងរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០២៤-២០៣០ ដែលក្នុងនោះវិស័យអប់រំ និងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺវិស័យអាទិភាពសំខាន់នៅក្នុងរបៀបវារៈជាអាទិភាពសម្រាប់ការអភិវឌ្ឍនៃប្រទេសឆែក៕


