
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា តាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានអាងក្រពើ។បច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពុងតែមមាញឹកក្នុងការរៀបចំតុបតែងក្រុងដែលស្អាតមិនចាញ់រាជធានីភ្នំពេញនោះទេ។
ពិធីបុណ្យអុំទូកនៅសៀមរាប រដ្ឋបាលខេត្តគ្រោងរៀបចំនៅកម្មវិធីជាច្រើនមានជាអាទិ៍៖ ពិធីប្រណាំងទូក ប្រកួតទូកមិត្តភាព ដាល់អំបុក បណ្ដែតប្រទីប, ប្រដាល់គុនខ្មែរអន្តរជាតិ, ប្រគុំតន្ត្រី ជិះទូកលេង ផ្សារបណ្ដែទឹក, ពិព័រណ៍ម្ហូបអាហារ, កម្មវិធីលេងល្បែងកំសាន្ត កញ្ញាធ្លាក់ទឹក ប្រដាល់ធ្លាក់ទឹក ដើរខ្សែពួរ ជិះកង់លើក្ដារ និងកម្មវិធីផ្សេងៗទៀត។
លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានប្រាប់ស៊ីស៊ីថាមស៍ថា សម្រាប់ពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ នៅទូទាំងខេត្តសៀមរាបនឹងមានការរៀបចំសោភ័ណ្ឌភាពតុបតែងលំអភ្លើង តាមដងផ្លូវសំខាន់ៗ និងតាមស្ពាន, ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថានអនាម័យ និងការផ្សព្វផ្សាយពីព្រឹត្តការណ៍ព្រះរាជពិធីបុណ្យជាច្រើនរូបភាព។
គួរបញ្ជាក់ថា ក្រៅពីតំបន់រមណីយដ្ឋានអង្គរដ៏ល្បីល្បាញ ខេត្តសៀមរាប ក៏មានសហគមន៍ទេសចរណ៍ និងរមណីយដ្ឋានកម្សាន្តជាច្រើនកន្លែង សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ពេលរាត្រីមានរំលេចភ្លើងពណ៌នៅតាមដងផ្លូវ និងនៅតាមបណ្តោយស្ទឹងសៀមរាប មានផ្សារបណ្តែតទឹក ពិព័រណ៍ម្ហូបអាហារ ការប្រគុំតន្រ្តី និងកម្មវិធីផ្សេងៗទៀត ហើយភ្ញៀវទេសចរក៏អាចធ្វើដំណើរកម្សាន្តបន្តទៅតំបន់ផាប់ស្ទីត ដែលមានផ្សាររាត្រី ភោជនីយដ្ឋាន បារ ក្លឹប និងហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើនក្នុងតម្លៃសមរម្យ៕






