ភ្នំពេញ៖ អង្គការ GAVI បាននិងកំពុងបន្តការគាំទ្រដល់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ២០០១មក តាមរយៈគម្រោងសំខាន់ៗជាច្រើន ក្នុងនោះអង្គការ GAVI នឹងអនុវត្តគម្រោងពង្រឹងការងារផ្តល់ថ្នាំបង្ការមានលក្ខណៈចំរុះ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដោយបានបន្តគាំទ្រគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី៣។ នេះជាការបញ្ជាក់របស់លោក Samuel Muller ប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងតំបន់ប៉ាស៊ីហ្វិក ក្នុងកិច្ចពិភាក្សាការងារជាមួយ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។
លោកប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងតំបន់ប៉ាស៊ីហ្វិក បានលើកឡើងថា អង្គការ GAVI បាន និងកំពុង បន្តការគាំទ្រដល់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល ចាប់តាំងពីឆ្នាំ២០០១មក តាមរយៈគម្រោងសំខាន់ៗដូចជា៖ ១) គម្រោងពង្រឹងប្រព័ន្ធចាក់ថ្នាំបង្ការ ពីឆ្នាំ២០០១ ដល់ឆ្នាំ ២០០៩ ២) គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី១ ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤ ៣) គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី២ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២២ និង ៤) គម្រោងពង្រឹងការងារផ្តល់ថ្នាំបង្ការមានលក្ខណៈចំរុះ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដោយបានបន្តគាំទ្រគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលជំហានទី៣។
លោក ឈាង រ៉ា ក៏បានថ្លែងអំណរគុណដល់អង្គការ GAVI ដែលបានសហការយ៉ាងជិតស្និទ្ធ ជាប្រចាំ ជាមួយក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិចាក់ថ្នាំបង្ការ ជាពិសេស ក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយបានជួយគាំទ្រក្នុងការរៀបចំ និងអនុវត្តផែនការមេនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានជួយក្រសួងសុខាភិបាល ក្នុងការស្វែងរកវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងផ្គត់ផ្គង់ និងបំពាក់បរិក្ខារប្រព័ន្ធត្រជាក់មួយចំនួនធំបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលាក្រោមគម្រោង Gavi COVAX Facility ជាដើម។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ពីជំហររបស់ក្រសួងសុខាភិបាល ក្នុងកិច្ចសហការដ៏ល្អដើមី្បកុមារកម្ពុជាទទួលនូវអត្រាគ្រប់ដណ្តប់តាមគោលដៅ និងអរគុណអង្គការ GAVI ដែលបានបញ្ជាក់ជំហរ និងប្តេជ្ញាចិត្តបន្តគាំទ្រក្រសួងសុខាភិបាល ព្រមទាំងបញ្ចូលវ៉ាក់សាំងថ្មីៗបន្ថែមទៀតទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕