សៀមរាប៖ យន្តហោះខ្នាតធំ ប្រភេទប៊ូអ៊ីង (Boeing) ហោះហើរត្រង់ពីទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នឹងដឹកអ្នកដំណើរជាង២០០នាក់ មកចុះចតនៅព្រលាយន្តហោះអន្ដរជាតិសៀមរាបអង្គរ នៅថ្ងៃទី២៤ ខែវិច្ឆិកា ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី២២វិច្ឆិកានេះ។
លោក លី វណ្ណៈ បានលើកឡើងថា តាមប្រភពពីមន្រ្តីអាកាសចរណ៍ស៊ីវិលប្រចាំព្រលានយន្តហោះ បានរាយការណ៍ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា វេលាម៉ោង៦:៤០នាទីល្ងាច យន្តហោះ Boeing 7.7 នឹងដឹកអ្នកដំណើរចំនួន ២៣០នាក់ ចុះចតនៅព្រលានថ្មីខេត្តសៀមរាប។
លោកបញ្ជាក់ថា នេះជាប្រភេទ Charter flight គឺដឹកអ្នកដំណើរមកមិនអចិន្រ្តៃយ៍ឡើយ ទាល់តែមានអ្នកដំណើរច្រើន ទើបគេហោះមកត្រង់ម្ដង។ អ្នកនាំពាក្យរដ្ឋបាលខេត្តរូបនេះ បានបង្ហាញអារម្មណ៍រីករាយចំពោះដំណឹងនេះ ព្រោះវានឹងធ្វើឱ្យខេត្តសៀមរាបទទួលបានភ្ញៀវទេសចរកាន់តែច្រើន ស្របពេលដែលខេត្តសៀមរាបកំពុងរៀបចំពិធីបុណ្យអុំទូក និងកម្មវិធីកម្សាន្តផ្សេងៗទៀតនៅចុងខែ វិច្ឆិកានេះផងដែរ៕