Cctimesw1140xh150cm copy

វត្តពោធិលង្កានឹងរៀបចំរដ្ឋបាលគ្រប់គ្រងវត្តឡើងវិញឱ្យសមជាស្រែបុណ្យរបស់ពុទ្ធបរិស័ទ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ កន្លងមកការដឹកនាំ គ្រប់គ្រងគណៈសង្ឃក្នុង វត្តពោធិលង្កាន មិនមានសាមគ្គីភាព និងបង្កជាក្រុមបក្សពួក ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ ដូច្នេះទើបគណៈសង្ឃនាយក តម្រូវឱ្យមានការនិមន្ត និងអញ្ជើញ ព្រះសង្ឃ អាចារ្យ និងដូនជីទៅស្នាក់អាស្រ័យនៅតាមបណ្តាវត្តផ្សេងៗជាបណ្តោះអាសន្ន ក្រោយពីបញ្ចប់សង្ឃកម្មនិងកិច្ច ការរដ្ឋបាលរួចរាល់ ទើបអនុញ្ញាតឱ្យចូលមកស្នាក់អាស្រ័យនៅជាប្រក្រតីឡើងវិញ។

បើតាមគណៈសង្ឃនាយក កន្លងមកការដឹកនាំ គ្រប់គ្រងគណៈសង្ឃក្នុង វត្តពោធិលង្កានេះ មិនមានសាមគ្គីភាព បង្កជាក្រុមបក្សពួក អនាធិបតេយ្យ មិនគោរពធម៌វិន័យបាត់បង់សណ្តាប់ធ្នាប់ និងអភិសមាចារ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃនិងសេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនា។ ទោះបីមានការអប់រំទូន្មានច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ នៅតែប្រព្រឹត្តមិនបានត្រឹមត្រូវតាមវត្តប្រណិប័តន៍ ថែមទាំងបង្កជាជម្លោះ និងបង្កើតនូវទោសបញ្ញត្តិធ្ងន់ធ្ងរក្នុងផ្លូវវិន័យព្រះពុទ្ធសាសនាថែមទៀតផង។

ដើម្បីពង្រឹងការគ្រប់គ្រង និងការប្រតិបត្តិធម៌វិន័យឱ្យបានល្អប្រសើរ និងបំពេញសទ្ធាជ្រះថ្លា សមជាស្រែ បុណ្យរបស់ពុទ្ធបរិស័ទ ចាំបាច់ត្រូវរៀបចំរដ្ឋបាលគ្រប់គ្រងវត្តឡើងវិញ ស្របតាមពុទ្ធានុញ្ញាតនិងពុទ្ធប្បញ្ញត្តិ ធ្វើយ៉ាងណាឱ្យវត្តនេះក្លាយទៅជាបូជនីយដ្ឋាន គួរជាទីគោរពបូជា ទើបតម្រូវឱ្យមានការនិមន្ត និងអញ្ជើញ ព្រះសង្ឃ អាចារ្យ និងដូនជីទៅស្នាក់អាស្រ័យនៅតាមបណ្តាវត្តផ្សេងៗជាបណ្តោះអាសន្ន ក្រោយពីបញ្ចប់សង្ឃកម្មនិងកិច្ច ការរដ្ឋបាលរួចរាល់ ទើបអនុញ្ញាតឱ្យចូលមកស្នាក់អាស្រ័យនៅជាប្រក្រតីឡើងវិញ ។

សូមបញ្ជាក់ថា ព្រះសង្ឃ ១៤០អង្គ និង តាជី យាយជី ក្មេងវត្ត ៣១ នាក់ ត្រូវបានសាលាគណខេត្តសៀមរាប បញ្ឈប់ការស្នាក់នៅក្នុងវត្តពោធិលង្កា ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ការធ្វើឡើងយ៉ាងដូច្នេះ ក្រោយពីថេរសភានៃព្រះរាជាណាចក្រកម្ពុជាចោទប្រកាន់ ចៅអធិការវត្តពោធិលង្កា ភិក្ខុ កែវ ខូច ឱ្យត្រូវអាបត្តិសង្ឃាទិសេស កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង