
ភ្នំពេញ៖ លោក Deng Yongzhi នាយកក្រុមហ៊ុន SageRan ជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវា internet កម្រិត 4G & 5G បានដឹកនាំសហការីមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកដៃគូវិនិយោគក្នុងស្រុក ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះមានទីស្នាក់កណ្តាលនៅខេត្ត Guangzhou និងមានសាខានៅរដ្ឋធានីប៉េកាំង, ទីក្រុង Wuhan, ទីក្រុង Changsha, និងនៅទីក្រុង Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន។
គោលបំណងនៃការស្វែងរកដៃគូវិនិយោគក្នុងស្រុកនាពេលនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា ជាមួយលោក Deng Yongzhi នាយកក្រុមហ៊ុនSageRan នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នាឱកាសនេះ អគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
លោក Deng Yongzhi បានជម្រាបជូនអង្គប្រជុំថាក្រុមហ៊ុន SageRan ជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវា internet កម្រិត 4G & 5G ដែលមានទីស្នាក់កណ្តាលនៅខេត្ត Guangzhou និងមានសាខានៅរដ្ឋធានីប៉េកាំង, ទីក្រុង Wuhan, ទីក្រុង Changsha, និងនៅទីក្រុង Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងនៃការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានៅពេលនេះគឺដើម្បីស្វែងរកដៃគូវិនិយោគក្នុងស្រុក។
ទន្ទឹមនឹងនេះ លោក ជា វុទ្ធី បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការវិនិយោគក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាខ្ពស់គឺជាវិស័យអាទិភាពទី១ ដែលទទួលបានការលើកទឹកចិត្តអតិបរមា។ លោកបានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជាមួយនិយ័តករទូរគមនាគមន៍កម្ពុជានៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីសិក្សានិងស្វែងរកដៃគូវិនិយោគរួមគ្នា។
លោកបញ្ជាក់បន្ថែមថា គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងរង់ចាំផ្ដល់កិច្ចសម្រួលក្នុងការដាក់ពាក្យស្នើសុំវិនិយោគ៕


