កំពង់ឆ្នាំង៖ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ រីឯកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ក៏ត្រូវបានបើកការដ្ឋានសាងសង់ ចាប់ពីថ្ងៃនេះដែរ។ ពិធីបើសម្ពោធនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ នេះមានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ដចំនួន ៥ រួមមាន៖ ខេត្ដកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្ដបន្ទាយមានជ័យ។ គម្រោងនេះត្រូវបានបែងចែកជា ៣ កំណាត់ ដោយក្នុងកំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្ដាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្ដាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែលគ្រោងចំណាយថវិកាចំនួន ៥០០ លានដុល្លារ។
ការធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិខាងលើនេះ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន រួមមានការបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕