Cctime 6monthsfree desktop
Cc times  web banner kh (2)

គម្រោងសាងសង់«ស្ពាន​វែងជាងគេ»ពី​កំពង់ឆ្នាំង​-​កំពង់ធំត្រូវការសិក្សារយៈពេលយូរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/


ភ្នំពេញ​៖ ខេត្តកំពង់ឆ្នាំង និង​កំពង់ធំ នឹង​ត​ភ្ជាប់​គ្នា​ដោយ​ស្ពាន​វែង​ជាងគេ​នៅ​កម្ពុជា ជាមួយផ្លូវជាតិលេខ៥០-C ហើយគម្រោងនេះមានការសិក្សាប្រើរយៈពេលយូរ មុនសម្រេចឱ្យសាងសង់ គឺដោយសាររដ្ឋាភិបាលបារម្ភពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសត្រីនៅក្នុងទន្លេសាប។នេះបើតាមសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាមដល់ខេត្តបាត់ដំបង និង បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ ដល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យសម្តេច ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជានឹងមានស្ពានវែងជាងគេ ដែលមានប្រវែងជាង ៣ គីឡូម៉ែត្រ កាត់ពីលើទន្លេសាប ស្ពាននោះគឺត​ភ្ជាប់​ពី​បឹង​ទន្លេសាប​ខេត្តកំពង់ឆ្នាំង និង​ ខេត្តកំពង់ធំ​។

បើតាមសម្តេច ហ៊ុន ម៉ាណែត ជាមួយការសាងសង់ស្ពានវែងជាងគេ រាជរដ្ឋាភិបាលកម្ពុជានឹងសាងសង់ ផ្លូវជាតិលេខ៥០-C តភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ ។គម្រោងធំៗនេះ គឺរាជរដ្ឋាភិបាលកំពុងសិក្សា ហើយ មានការសិក្សាប្រើរយៈពេលយូរ មុនសម្រេចឱ្យសាងសង់ គឺដោយសាររដ្ឋាភិបាលបារម្ភពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសត្រីនៅក្នុងទន្លេសាប។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បាន​បង្គាប់​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ ដូចជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​,​ក្រសួងបរិស្ថាន​,​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​,​ក្រសួង​ធនធានទឹក និង​ឧតុនិយម​,​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ និង​អាជ្ញាធរខេត្ត​ទាំងពីរ រួមសហការ​គ្នា​សិក្សា​យ៉ាង​លម្អិត​ហើយ​ថា​មិនមាន​ផលប៉ះពាល់​ណាមួយ​ដល់​ធនធានធម្មជាតិ បញ្ហា​បង្វែរ​ចរន្តទឹក និង ការ​បំលាស់​ទី​របស់​ត្រី​នោះទេ​។

សម្រាប់រាជរដ្ឋាភិបាល គម្រោងសាងសង់ស្ពានវែងជាងគេនេះ  ត្រូវ​ឆ្លងកាត់​ដៃទន្លេ​ចំនួន​បី គឺ​ទន្លេ​ផ្សារ​ក្រោម ទន្លេ​ជល់​មុខ និង​ទន្លេ​កំពង់​ហាវ ពី​ខេត្ត​កំពង់​ឆ្នាំ ឆ្ពោះទៅ​ខេត្តកំពង់ធំ​ហើយ គម្រោងនេះប្រជាពលរដ្ឋ​នឹង​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើនចំណេញ​ទាំង​ពេលវេលា ចំណេញ​ថ្លៃ​ដឹកជញ្ជូន និង ​ទទួលបាន​ចំណូល​កាន់តែច្រើន​ជាមិនខាន។

​បច្ចុប្បន្ន ស្ពាន​ដែល​វែង​ជាងគេ​នៅ​កម្ពុជា គឺ​ស្ពាន «​ត្សឹ​បា​សា​» ឬ​ស្ពាន «​អ្នក​លឿង​» ដែលមាន​ប្រវែង​២២១៥​ម៉ែត្រ ស្ថិតក្នុង​ខេត្តព្រៃវែង និង​ឆ្លងកាត់​ទន្លេមេគង្គ​។ ស្ពាន​នេះ ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពីដើម​ខែមេសា ឆ្នាំ​២០១៥៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង