
ភ្នំពេញ៖សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី ១៧ សីហានេះ បានប្រកាសផ្លាស់ប្តូរចិត្តមិនស្នើសុំអង្គការសហប្រជាជាតិ ដើម្បីពន្យាពេលការវិលត្រឡប់របស់កងទ័ពមួកខៀវកម្ពុជា និងការបញ្ជូនកងទ័ពមួកខៀវទៅជំនួសនោះទេ។ ការផ្លាស់ប្តូរចិត្តនេះ គឺបន្ទាប់ពីសម្តេចកាលពីម្សិលមិញ បានស្នើទៅប្រមុខអង្គការសហប្រជាជាតិឱ្យពន្យាពេលការផ្លាស់ប្ដូរវេនកងទ័ពមួកខៀវកម្ពុជាមួយរយៈ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ពីក្រៅប្រទេសចូលមកក្នុងប្រទេសកម្ពុជា។
តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃចន្ទនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានពន្យល់ថា ការប្តូរចិត្តនេះគឺដោយសារតែអង្គការសហប្រជាជាតិបានរៀបចំនូវពេលវេលាជាក់លាក់នៃការវិលត្រឡប់ និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជា។ បើតាមអង្គការសហប្រជាជាតិ គឺកងទ័ពមួកខៀវកម្ពុជានឹងវិលត្រឡប់មកប្រទេសម៉ាលីនៅក្នុងខែកញ្ញា ឆ្នាំ២០២០ ពីប្រទេសស៊ូដង់ខាងត្បូងនៅក្នុងខែតុលា ប្រទេសអាហ្រ្វិកកណ្តាលនៅក្នុងវិច្ឆិកា និង មកពីប្រទេសលីបង់នៅក្នុងខែមករា ឆ្នាំ២០២១ខាងមុខ។សម្រាប់សម្តេច ការរៀបចំពេលវេលារបស់អង្គការសហប្រជាជាតិនេះ គឺផ្តល់ឱ្យអាជ្ញាធរកម្ពុជាអាចរៀបចំការធ្វើចត្តាឡីស័កបានងាយស្រួល ដើម្បីទប់ស្កាត់ការនាំចូលកូវីត១៩មកក្នងប្រទេសកម្ពុជា។
សម្តេចបានអំពាវនាវឱ្យកងទ័ពមួកខៀវកម្ពុជាដែលកំពុងស្ថិតនៅប្រទេសទាំង៤ខាងលើរៀបចំខ្លួន ដើម្បីវិលត្រឡប់ និងសូមនាយទាហាននាយទាហានរងនិងពលទាហានដែលនឹងត្រូវទៅជំនួសរៀបចំខ្លួនចេញដំណើរតាមការចាត់ចែងរបស់ក្រសួងការពារជាតិនិងអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា នៅក្នុងបេសសកម្មនៅក្រៅប្រទេស កងទ័ពមួកខៀវកម្ពុជាម្នាក់បានស្លាប់ដោយសារតែជំងឺកូវីដ១៩ និងមួយចំនួនទៀតបានឆ្លងជំងឺរាតត្បាតនេះនៅក្នុងប្រទេសកំពុងបេសសកម្ម និង ពេលមកប្រទេសកម្ពុជាវិញ។ បច្ចុប្បន្ន កងទ័ពមួកខៀវកម្ពុជា៧៨៧នាក់ កំពុងបំពេញបេសកម្មនៅប្រទេសចំនួន៨គឺ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី ឆាដ ម៉ាលី និង អាហ្វ្រិកកណ្តាល។
តែយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា បើទោះបីកម្ពុជាជាប្រទេសក្រីក្រនិងកំពុងប្រឈមជាមួយកូវីដ១៩បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជាត្រូវទៅកំពុងមានការវាយលុកដោយកូវីដ១៩ក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួនមិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានាក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ៕