Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនសហគ្រាសជប៉ុនជាច្រើនមានចំណាប់អារម្មណ៍វិនិយោគលើវិស័យសុខាភិបាលកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុនចំនួន២៦ បានមកទស្សនកិច្ចនៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ចង់បណ្តាក់ទុនវិនិយោគលើវិស័យសុខាភិបាល ក្នុងនោះរួមមានការវិនិយោគលើផលិតផលគ្រឿងសម្អាង និងការបណ្តុះបណ្តាលការថែរក្សាសម្ផស្ស ការវិនិយោគបណ្តុះបណ្តាលការថែទាំមនុស្សចាស់ និងរៀបចំមន្ទីរពេទ្យដែលស្តិតក្នុងគម្រោងអភិវឌ្ឍន៍JICA ព្រមទាំងការបង្កើតការិយាល័យរបស់ សមាគមជប៉ុន-កម្ពុជា នៅកម្ពុជានាឆ្នាំខាងមុខ។

ចំណាប់អារម្មណ៍របស់ម្ចាស់ក្រុមហ៊ុនជប៉ុនទាំងនេះ ត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងលោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាមួយលោក កាហាស៊ី ហ្វូមីអាគី (Fumiaki Takahashi) ប្រធានសមាគមនជប៉ុន-កម្ពុជា និងគណៈប្រតិភូ ដែលមកពីក្រុមហ៊ុនសហគ្រាសចំនួន២៦ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។

លោក កុយ វ៉ាន់នី បានស្វាគមន៍ និងថ្លែងអំណរគុណលោក តាកាហាស៊ី ហ្វូមីអាគី ដែលកន្លងមកតែងតែជួយគាំទ្រ ដល់ការអភិវឌ្ឍវិស័យសុខាភិបាល តាមរយៈការជួយសម្របសម្រួលផ្តល់ហិរញ្ញប្បទានឥតសំណង និងបានសម្ដែងសេចក្តីរីករាយ និងស្វាគមន៍សហគ្រាសធុនតូច និងមធ្យម នៃប្រទេសជប៉ុន ដែលមានបំណងចង់មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលជាការឆ្លើយតបទៅនិងយុទ្ធសាស្ត្រអាទិភាពសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើភាពជាដៃគូសាធារណៈនិងឯកជនផ្ទាល់ផងដែរ។

រដ្ឋលេខាធិការរូបនេះក៏បានលើកទឹកចិត្តសមាគមកម្ពុជា-ជប៉ុន ជាពិសេសក្រុមហ៊ុនដែលមានបំណងមកវិនិយោគនៅកម្ពុជា ឱ្យពិភាក្សាជាមួយមន្ត្រីជំនាញនៃផ្នែកនីមួយៗដើមី្បស្វែងយល់ពីយន្តការ ទទួលបានការសម្របសម្រួល និងផ្តល់ការណែនាំច្បាស់លាស់ដល់ក្រុមហ៊ុន ព្រមទាំងបានអបអរសាទរ សមាគមកម្ពុជា-ជប៉ុន ដែលត្រៀមនឹងបើកទីស្នាក់ការនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ លោកប្រធានសមាគមជប៉ុន បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល ដោយខិតខំជាបន្ថែមទៀត ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង