សៀមរាប៖កម្មវិធីសម្រាកសៀមរាប បានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍យ៉ាងកុះករមុនពេលមួយថ្ងៃនៃពិធីបើកជាផ្លូវការ។នេះបើតាមការអះអាងរបស់រដ្ឋបាលខេត្តសៀមរាបចុះផ្សាយនៅថ្ងៃទី ១៧ សីហានេះ។
បើតាមរដ្ឋបាលខេត្ត ប្រជាពលរដ្ឋតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែបន្តសម្រុកចូលអញ្ជើញមកលេងខេត្តសៀមរាប ក្នុងកម្មវិធី "សម្រាកសៀមរាប" ដែលរដ្ឋបាលខេត្ត សហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា និងកាកបាទក្រហមកម្ពុជា។
រដ្ឋបាលខេត្តសង្ឃឹមថា ប្រជាពលរដ្ឋ និងមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេច និងត្រូវចងចាំនូវ ០៣ចំណុច ដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) ៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)
គួរបញ្ជាក់ថា រដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហាខាងមុខនេះ។ ការឈប់សម្រាករយៈពេល៥ថ្ងៃនេះ គឺជាការសងថ្ងៃសម្រាក ទៅឲ្យបុគ្គលិក នយោជិត មន្ត្រីរាជការ កម្មករ កម្មការិនី ដែលមិនបានឈប់សម្រាកនៅថ្ងៃចូលឆ្នាំ កាលពីខែមេសាកន្លងទៅ។ កាលពីពេលនោះ រដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការឈប់សម្រាកដោយបារម្ភពីការរីករាលដាលនៃជងឺកូវីដ១៩។ ការឈប់សម្រាកនាពេលនេះ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យភ្ញៀវទេសចរក្នុងស្រុកមានការកើនឡើង ខណៈកូវីដ១៩ នៅបន្តមានវត្តមាននៅកម្ពុជានៅឡើយ៕




