ភ្នំពេញ៖ ជំហានទី១នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានប្រមាណ ៥៥% គិតមកត្រឹមបច្ចុប្បន្ននេះ ហើយបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ចំនួន ៨០០លានដុល្លារ។ បើគ្មានការប្រែប្រួលទេគម្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៤ និង បើកឱ្យដំណើរការនៅឆមាសទី១ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យអាកាសចរស៊ីវិល មកកាន់ស៊ីស៊ីថាមស៍។
លោក ស៊ីន ចាន់ស៊ិរីវុត្ថា បានប្រាប់សុីសុីថាមស៍ថា គិតមកដល់ច្ចុប្បន្ននេះ ដំណើរការសាងសង់អាកសយានដ្ឋានអន្តរជាតិតេជោសម្រេចបាន៥៥% ដោយសម្រេចលើការងារមួយចំនួនមានជាទិ៍ រីឯស្ថានីយអ្នកដំណើរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឆៃណា ខនស្ត្រាក់សិន អង្គភាពទីបី (CCTEB) សម្រេចការសាងសង់បាន ៤៧,៤%, មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឆៃណា ខនស្ត្រាក់សិន អង្គភាពទីបី (CCTEB) សម្រេចការសាងសង់ ៧៣,៧%, ការងារទាក់ទងនឹងទីលានចតយន្តហោះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន សៀងហៃ ប៉ោយៀក (MCC/CAIC) សម្រេចបាន៥២,២%, និង ប៉មត្រួតពិនិត្យរួចរាចរណ៍ផ្លូវអាកាស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន កាណាស៊ីណូ (CSCC) សម្រេចការសាងសង់បាន ៩០,៨%។
បើតាមអ្នកនាំពាក្យអាកាសចរស៊ីវិល បើមិនមានអ្វីប្រែប្រួលនោះទេគម្រោងនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៤ ហើយគ្រោងនឹងបើកដំណើរការនៅឆមាសទី១ឆ្នាំ២០២៥ ព្រោះត្រូវការការតេស្តសាកល្បង និង ការទទួលបានវិញ្ញាបនបត្រជាដើម។
ក្រៅពីការងារសាងសង់ ផ្លូវតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលមានទទឹងប្រវែង ៦០ម៉ែត្រ កាត់ផ្លូវជាតិលេខ២ រហូតដល់អាកាសយានដ្ឋាន ដែលមានប្រវែង ១៣,៥ គីឡូម៉ែត្រដែលសម្រេចបាន ៦៧% ។
គួរបញ្ជាក់ថា អាកាសយានដ្ឋាន«អន្តរជាតិតេជោ» ជាអាកាសយានដ្ឋានធំមួយក្នុងចំណោមអាកាសយានដ្ឋានធំៗផ្សេងទៀតនៅក្នុងតំបន់អាស៊ាន ដូចជាថៃ សិង្ហបុរី និងម៉ាឡេស៊ីជាដើម៕