ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសរសើរដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦ ដល់២០២៥ និងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់ ព្រមទាំងយកចិត្តទុកដាក់ក្នុងការសហការសម្របសម្រួលក្រុមការងារអន្តរក្រសួង ឆ្ពោះទៅការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។ ការកោតសរសើរនេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅទីស្តីការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧វិច្ឆិកានេះ។
នាឱកាសនេះ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានជម្រាបជូនអង្គប្រជុំ អំពីវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦ ដល់២០២៥ ដែលជាឯកសារគោល និងជាមគ្គុទ្ទេសក៍សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដោយផ្អែកលើអភិក្រមកិច្ចគាំពារសង្គមពេញមួយវដ្តជីវិត និងផ្តោតលើសសរស្តមចំនួន២គឺ ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តកម្មវិធីជាតិជំនួយសង្គម និរបបសន្តិសុខសង្គមក្នុងប្រព័ន្ធគាំពារសង្គមនានា រួមមាន៖ មូលនិធិសមធម៌សុខាភិបាល របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនរហូតបានអាយុក្រោម២ឆ្នាំ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩មក។
លោក ឈាង រ៉ា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦ ដល់២០២៥ និងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់ ព្រមទាំងយកចិត្តទុកដាក់ក្នុងការសហការសម្របសម្រួលក្រុមការងារអន្តរក្រសួង ដើមី្បរៀបចំឯកសារសេចក្តីព្រាងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដើម្បីកំណត់អំពីចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ ក្នុងការបោះជំហានជាដំណាក់កាលៗ ឆ្ពោះទៅការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា តាមរយៈការបន្តអភិវឌ្ឍ និងពង្រីកប្រព័ន្ធគាំពារសន្តិសុខសង្គម ព្រមជាមួយនឹងការពង្រឹង និងបង្កើនប្រសិទ្ធភាពផ្នែកថែទាំសុខភាព។
លោកបានលើកទឹកចិត្តភាគីពាក់ព័ន្ធនានានៃក្រសួងសុខាភិបាល បន្តសហការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ និងអនុវត្តយុទ្ធសាស្ត្រសុខាភិបាលទាំង៩ ជាពិសេសសូមឱ្យផ្សារភ្ជាប់ការងារនេះជាមួយនឹងអាទិភាពគន្លឹះវិស័យសុខាភិបាលទាំងបី ដើម្បីជម្រុញការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា៕