ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានសហការគ្នារៀបចំ វេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និង វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពង្រឹង និងធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជា-ចិន និងពង្រីកការផ្លាស់ប្ដូរវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរ។
វេទិកានេះ មានការអញ្ញើញចូលរួមដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, លោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងភាគីពាក់ព័ន្ធជាច្រើនទៀត។
លោក Wang Wentian បានលើកឡើងថា ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ គឺជាធាតុផ្សំសំខាន់នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនរវាងកម្ពុជានិងចិន។ លោកថា ក្នុងរយៈពេលប៉ុន្មានាឆ្នាំមកនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរមានភាពមមាញឹក ហើយទទួលបានលទ្ធផលលេចធ្លោ និងបានក្លាយជាអ្នកចូលរួមដ៏សំខាន់ និងជាអ្នកជំរុញដ៏វិជ្ជមាននូវកិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ឱ្យគ្នាលើគ្រប់វិស័យទាំងអស់រវាងកម្ពុជានិងចិន។
បើតាមស្ថានទូតចិន វេទិកានេះនឹងបន្តបង្កើនកម្រិតកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ធ្វើឱ្យស៊ីជម្រៅនូវអត្ថន័យនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឆ្ពោះទៅអនាគត ប្រកៀកស្មាគ្នាបង្កើតសហគមន៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ដើម្បីចូលរួមជាកម្លាំងថ្មី និងកាន់តែច្រើនបន្ថែមទៀត ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងចាត់ទុក វេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន គឺជាឱកាសមួយដ៏កម្រ ហើយក៏ជាវេទិកាមួយដ៏សំខាន់ ដែលគួរតែប្រើប្រាស់ឱកាស និងវេទិកានេះឱ្យបានពេញលេញ ដើម្បីពិភាក្សាគ្នាឱ្យបានស៊ីជម្រៅអំពីស្ថានភាពបច្ចុប្បន្ន និងទៅអនាគត លើការផ្លាស់ប្ដូរបទពិសោធន៍ និងបញ្ហាប្រឈមនានា ក្នុងគោលបំណងស្វែងរកកាលានុវត្តភាព និងគោលគំនិតថ្មី នៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ។
គួរបញ្ជាក់ថា នេះជាលើកទី៣ហើយដែលកម្ពុជានិងចិន រៀបចំវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និង វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន។ជាវេទិការក្នុងគោលដៅ ដើម្បីពង្រឹង និងធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជា-ចិន និងពង្រីកការផ្លាស់ប្ដូរវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរ៕