
ភ្នំពេញ៖ ប្រទេសទីម័រលេស្តេ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន ៤០០០តោនជាលើកដំបូង ក្រោមយន្តការរដ្ឋ បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និង ក្រសួងការបរទេសនិងសហប្រតិបត្តិការទីម័រលេស្តេ។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងកិច្ចជំនួបពិភាក្សាការងាររវាងលោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹង គណៈប្រតិភូមកពីប្រទេសទីម័រលេស្តេ។
កិច្ចពិភាក្សាការងារនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសក្តានុពលក្នុងកិច្ចសហប្រតិបត្តិការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ និងចរចាពីលក្ខខណ្ឌបច្ចេកទេស ក្នុងការនាំចេញទៅប្រទេសទីម័លេស្តេផងដែរ។
លោក ចាន់ សុខទី បានបញ្ជាក់ថា នេះជាការបើកច្រកទីផ្សារថ្មីបន្ថែមទៀតសម្រាប់កម្ពុជា ក្នុងវិស័យស្រូវអង្ករ ហើយកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការនឹងបន្តខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតលើវិស័យនេះ៕

