ភ្នំពេញ៖ អាជ្ញាធរកម្ពុជា កាលពីថ្ងៃទី ១៣ វិច្ឆិកា បានចាប់ឃាត់រថយន្តដឹកជញ្ជូនសាច់សត្វក្រួច ៣,៦០០គីឡូក្រាម នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលលួចនាំចូលខុសច្បាប់ពីវៀតណាម បម្រុងយកមកចែកចាយនៅទីក្រុងភ្នំពេញ។
យោងតាមអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា សាច់សត្វក្រួចចំនួន ៣,៦០០គីឡូក្រាម ត្រូវបានឈ្មួញដឹកតាមរថយន្តធ្វើដំណើរចេញពីវៀតណាម តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ក្នុងគោលដៅយកទៅលក់បន្តនៅទីក្រុងភ្នំពេញ។ នៅថ្ងៃដដែល អាជ្ញាធរ ក៏បន្តចាប់បានរថយន្ត ២គ្រឿងថែមទៀត ដោយរថយន្ដទី១ បានដឹកសត្វទារស់ប្រមាណ ២ពាន់ក្បាល ចេញពីវៀតណាម តាមច្រកពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីយកទៅចែកចាយនៅក្រុងព្រៃវែង និងរថយន្តទី២ ដឹកសត្វមាន់រស់ និងទន្សាយរស់១,២៥១ក្បាល ចេញពីវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីចែកចាយបន្តនៅខេត្តតាកែវផងដែរ។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ គូសបញ្ជាក់ថា ករណីនាំចូលទាំង៣នេះ សុទ្ធសឹងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយបច្ចុប្បន្ន មន្រ្តីជំនាញ បាននាំយកវត្ថុតាង និងបទល្មើសទាំងអស់ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕