
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៣ខ្សែបន្ថែមទៀត ក្នុងនេះមានដូចជា ខ្សែធំស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានព្រែកប្រា, និង ស្ពានមេគង្គក្រោម(ចាក់អង្រែលើ)។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាបតភ្ជាប់កោះនរានិងកោះពេជ្យ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាគ្រោងសាងសង់ស្ពានចំនួនបីខ្សែបន្ថែមទៀត គឺខ្សែធំស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលតភា្ជប់ពីតំបន់ផ្សាររាត្រីទៅតំបន់អរិយក្សត្រ, ស្ពានព្រែកប្រា ដែលកម្ពុជាបានចចារជាមួយភាគីចិនរួចរាល់ ហើយគ្រោងនឹងបុកគ្រឹះសាងសង់នៅក្នុងឆ្នាំ២០២៣នេះ, និងស្ពានមេគង្គក្រោម(ចាក់អង្រែលើ)។
គួរបញ្ជាក់ថា កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេព្រែកប្រាកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ គម្រោងស្ពានព្រែកប្រានេះ មានតម្លៃប្រមាណ៦០លានដុល្លារអាម៉េរិក និងមានទីតាំងស្ថិតនៅខណ្ឌមានជ័យ មានប្រវែងបណ្ដោយជាង៨០០ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២គន្លងទៅ-២គន្លងមក)។
ចំពោះគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ(ជ្រោយចង្វារ-អរិយក្សត្រ) គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជាង២៤៥លានដុល្លារអាម៉េរិក និងត្រូវបានចុះហត្ថលេខារួចហើយ រវាងរាជរដ្ឋាភិបាលរកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ កាលព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វា; ជ្រោយចង្វា-អរិយក្សត្រ) នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៣ ខាងមុខនេះ៕
