Cctime 6monthsfree desktop
Cc times  web banner kh (2)

អភិបាលខេត្តព្រះសីហនុស្នើអភិបាលខេត្ត ជាំង ស៊ូ បើកការហោះហើរត្រង់មកព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ខេត្តជាំងស៊ូ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានស្នើដល់អភិបាលខេត្តជាំងស៊ូ លោក ស៊ី ឃុនលីន ជួយគាំទ្រដល់ការបើកដំណើរការនូវការហោះហើរត្រង់ពីទីក្រុងអ៊ូស៊ី មកខេត្តព្រះសីហនុឡើងវិញបន្ទាប់ពីខកខានមួយរយៈពេលដោយសារកូវីដ និងជួយជំរុញអ្នកវិនិយោគខេត្តជាំងស៊ូ មកបណ្តាក់ទុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យបានកាន់តែច្រើនថែមទៀត។

ការស្នើនេះធ្វើឡើង ក្នុងឳកាសលោក គួន ចំរើន អញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ជាការឆ្លើយតប លោក ស៊ី ឃុនលីន បានទទួលយកនិងគាំទ្រសំណើរបស់លោក គួច ចំរើន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការខេត្តក្រុងបងប្អូន ខេត្តព្រះសីហនុ-ជាំងស៊ូ និងក្រុងព្រះសីហនុ-អ៊ូ ស៊ី លើវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌។ លោកអភិបាលខេត្តជាំងស៊ូ ក៏បានថ្លែងការស្វាគមន៍ដ៏កក់ក្តៅចំពោះលោកអភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូខេត្តព្រះសីហនុទាំងអស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តជាំងស៊ូ។

លោក ស៊ី ឃុនលីន បានបញ្ជាក់ថា ប្រទេសចិន និងប្រទេសកម្ពុជា មានទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងជ្រាលជ្រៅ ហើយការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំងពីរ បានចង្អុលបង្ហាញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។

លោក ស៊ី ឃុនលីន មានប្រសាសន៍ថា ខេត្តព្រះសីហនុជាច្រកដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបើកចំហរទៅកាន់ពិភពខាងក្រៅ ហើយខេត្តព្រះសីហនុគឺជាខេត្តមិត្តភាពរបស់ខេត្ត ជាំង ស៊ូ និងជាដៃគូដ៏សំខាន់សម្រាប់ខេត្តជំាងស៊ូ ក្នុងការចូលរួមក្នុងការកសាងរួមគ្នានៃ "ខ្សែក្រវាត់ និងផ្លូវ" ហើយកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ សម្រេចបានលទ្ធផលជាផ្លែផ្កា និងបន្តខ្លាំងក្លាតទៅមុខទៀត។

លោក ស៊ី ឃុនលីន បានបញ្ជាក់ថា ខេត្តជាំងស៊ូ មានឆន្ទៈក្នុងការបន្តធ្វើការរួមគ្នា ដើម្បីអនុវត្តជាក់ស្តែងនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បន្តពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពង្រឹង និងពង្រីកការផ្លាស់ប្តូរវប្បធម៌ រួមគ្នាលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យសម្រេចបាននូវសមិទ្ធផលផ្លែផ្កាកម្រិតខ្ពស់បន្ថែមទៀត កិច្ចសហប្រតិបត្តិទ្វេភាគីដើម្បីផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ រួមចំណែកក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីរវាងប្រទេសទាំងពីរ។

លោក គួច ចំរើន បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តជាំងស៊ូ សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍន៍ខេត្តព្រះសីហនុកន្លងមក ជាពិសេសគាំទ្រដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ លោកបានមានប្រសាសន៍ថា ខេត្តព្រះសីហនុ គឺជាចំណុចសំខាន់នៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” ហើយការសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

លោកអភិបាលខេត្តព្រះសីហនុ សង្ឃឹមថាខេត្តទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងមនុស្សធម៌ ហើយសហគ្រាសខេត្តជាំងស៊ូកាន់តែច្រើន នឹងមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ដើម្បីសម្រេចបាននូវវិបុលភាពរួមនិងផ្តល់ប្រយោជន៍ដល់ប្រជាជននៃខេត្តទាំងពីរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង