កំពង់ស្ពឺ៖ ជនដៃដល់ចំនួន៤នាក់ ដែលបានធ្វើសកម្មភាពបាញ់បោះសេរីនៅផ្ទះលំហែលើភ្នំគិរីរម្យ ក្នុងពិធីខួបកំណើត បានចូលមកសារភាព៤នាក់ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាមួយកាំភ្លើងខ្លី៣ដើម កាលពីយប់ថ្ងៃទី១៤វិច្ឆិកា។ នេះបើតាមការឲ្យពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងប្រាប់សុីសុីថាមស៍។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កាលពីយប់ថ្ងៃទី១៤វិច្ឆិកា ជនដៃដល់បាញ់បោះនៅលើភ្នំគិរីរម្យបានចូលសារភាព៤នាក់ ហើយមានកាំភ្លើង៣ដើមដែលបានប្រគល់ជូនសមត្ថកិច្ច ខណៈអាជ្ញាធរកំពុងខិតខំស្រាវជ្រាវបន្ត ព្រោះនៅមានអ្នកពាក់ព័ន្ធផ្សេងទៀត។
សូមរម្លឹកថា ហេតុការណ៍បាញ់បោះលើភ្នំគិរីរម្យ កាលយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានស្នូរគ្រាប់កាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើងយ៉ាងកងរំពង ដែលឮចេញពីក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែ ភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (លើខ្នងភ្នំគិរីរម្យ) ។ កម្លាំងសមត្ថកិច្ចចំរុះបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដោយរកឃើញសំបកគ្រាប់កាំភ្លើងវែង ខ្លីជាង២០០គ្រាប់៕