.jpg?1700023703)
ខេត្តជាំងស៊ូ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និង គណៈប្រតិភូខេត្ត នៅថ្ងៃទី ១៣ វិច្ឆិកា បានអញ្ជើញចូលរួមបើកវេទិកាជំរុញឧស្សាហកម្ម និង ពាណិជ្ជកម្មខេត្តជំាងស៊ូ-ខេត្តព្រះសីហនុ។ក្នុងកិច្ចប្រជុំដ៏ធំមួយនេះ លោកបានអញ្ជើញធុរជន និងវិនិយោគិនចិនមកកាន់កម្ពុជា ជាពិសេសមកខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគ និង ឱកាសវិនិយោគនានា។
ពីទឹកដីខេត្តជាំងស៊ូប្រទេសចិន លោក គួច ចំរើន បានប្រកាសសន្យានៅចំពោះមុខអ្នកវិនិយោគចិនថា រដ្ឋបាលខេត្តព្រះសីហនុនឹងធានាសុវត្ថិភាពអ្នកវិនិយោគក៏ដូចជា ការជួយសម្របសម្រួល លើកទឹកចិត្ត ការពារអ្នកវិនិយោគស្របតាមច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ជាមួយគ្នានោះលោក គួច ចំរើន ក៏បានផ្តល់ការណែនាំលម្អិតអំពីទីតាំងភូមិសាស្ត្រ និង ស្ថានភាពអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុជូនអ្នកវិនិយោគចិនផងដែរ។
ក្នុងកិច្ចប្រជុំនៅខេត្តជាំងស៊ូនោះ ក៏មានវត្តមានរបស់លោក ជាកុក ហុង នាយកគម្រោងអង្គភាពគ្រប់គ្រងគម្រោងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងចូលរួមផងដែរ។មិនខុសពីលោកអភិបាលខេត្តព្រះសីហនុ លោកបានប្រាប់អ្នកវិនិយោគចិនពីឱកាសនៃការវិនិយោគជាពិសេស អចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ និង ណែនាំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។
.jpg?1700023733)
ជាការឆ្លើយតប ប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តជំាងស៊ូ លោក Liu Cong បានសន្យាថា លោកនឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីណែនាំសហគ្រាសឯកជនចិននៅខេត្តជំាងស៊ូ ឱ្យមកបណ្តាក់ទុន និង ចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ។
ចំណែក លោក Zhou Haijiang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hongdou Group បានគូសបញ្ជាក់ថា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏នឹងដើរតួយ៉ាងសកម្ម ខិតខំដើម្បីក្លាយជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ អោយខ្លាយទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីសម្រាប់ប្រទេសកម្ពុជា និងជួយជំរុញ ខេត្តព្រះសីហនុអោយក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងអោយបានជោគជ័យ និងក្លាយជា “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម”សំខាន់របស់កម្ពុជា។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះដែរ ក្រៅពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ មានការិយាល័យកិច្ចការបរទេសខេត្តជំាងស៊ូ សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មខេត្តជំាងស៊ូ ការិយាល័យពាណិជ្ជកម្មក្រុងអ៊ូស៊ី គណៈកម្មការសុខភាពក្រុងអ៊ូស៊ី សហព័ន្ធឧស្សាហកម្ម និង ពាណិជ្ជកម្មក្រុងអ៊ូស៊ីi សហព័ន្ធនារីក្រុងអ៊ូស៊ី មានភ្ងៀវកិត្តយសតំណាងធុរកិច្ចជាង៧០នាក់មកពីខេត្តជំាងស៊ូ បានចូលរួមកិច្ចប្រជុំនេះ។ ជាកិច្ចប្រជុំ មានគោលបំណងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ជាពិសេសដើម្បីទាក់ទាញវិនិយោគិនចិនមកកាន់ខេត្តព្រះសីហនុ៕
.jpg?1700023808)
.jpg?1700023844)
.jpg?1700023895)