![](https://cdn.cc-times.com/kh.cc-times.com/media/40286/large/401289003_723600553136530_4380152938912135649_n.jpg?1700013803)
រតនគិរី៖ អង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តរតនគិរី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការកសាងសមត្ថភាពកំណត់អត្តសញ្ញាណប្រភេទដើមឈើ ឧទ្យានជាតិវីរៈជ័យ» កាលពីថ្ងៃទី ៨ -១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តរតនគិរី។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណ និងចងក្រងជាទិន្នន័យនៃប្រភេទដើមឈើ ដែលមានវត្តមានក្នុងឧទ្យានជាតិនេះ ងាយស្រួលក្នុងការគ្រប់គ្រងប្រភេទដើមឈើឲ្យកាន់តែមានប្រសិទ្ធភាព។
ប្រទេសកម្ពុជា មានដើមឈើជាច្រើនប្រភេទ ហើយដើមឈើ៤៥ប្រភេទត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រទេសកំពុងរងការគំរាមកំហែង ក្នុងនោះ៦ប្រភេទជាប្រភេទជិតផុតពូជបំផុត និង១៩ប្រភេទជិតផុតពូជ។ ដោយសារកង្វះទិន្នន័យអំពីភាពសម្បូរបែបនៃប្រភេទដើមឈើនៅប្រទេសកម្ពុជា និងប្រភេទដើមឈើជាច្រើនទៀតដែលកំពុងតែបាត់បង់ពីតំបន់អាស៊ីអាគ្នេយ៍ អាចនឹងមានវត្តមាននៅកម្ពុជា។
![](https://cdn.cc-times.com/kh.cc-times.com/media/40287/large/399779544_723605966469322_4626979549644190804_n.jpg?1700013815)
ទន្ទឹមនឹងនោះ អង្គការសត្វព្រៃ និងរុក្ខជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការកសាងសមត្ថភាពកំណត់អត្តសញ្ញាណប្រភេទដើមឈើ ឧទ្យានជាតិវីរៈជ័យ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានបង្រៀនដោយ លោកបណ្ឌិត Rogier de Kok អ្នកស្រាវជ្រាវជាន់ខ្ពស់កិត្តិយសនៅឯមន្ទីរសួនរុក្ខវិទ្យានៃប្រទេសសឹង្ហបុរី និងលោកស្រី ពៅ យូលាង ប្រធានតិណាល័យជាតិកម្ពុជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានសិក្ខាកាមចំនួន ១៨ រូបមកពីក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តរតនគិរី និងស្ទឹងត្រែង មន្រ្តីឧទ្យានុរក្ស និងនិស្សិតជំនាញព្រៃឈើមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងភូមិន្ទកសិកម្ម។
ក្នុងរយៈពេល៣ថ្ងៃ សិក្ខាកាមបានយល់ដឹងពីរបៀបកំណត់អត្តសញ្ញាណអំបូរដើមឈើសំខាន់ៗ រួមមាន អំបូរអាប៉ូស៊ីណាសេ អំបូរបៀសេរ៉ាសេ អំបូរប៊ីញ៉ូណាសេ អំបូរគ្លុយស្យាសេ អំបូរអឺផរប៊ីយ៉ាសេ អំបូរឡាមីញ៉ាសេ អំបូរឡេគុម អំបូរមេលីយ៉ាសេ អំបូរម៉ូរ៉ាសេ អំបូររុយប៊ីយ៉ាសេ អំបូរសាបាំងដាសេ និងសាប៉ូតាសេ និងពីរបៀបប្រមូលសំណាក តាមរយៈការអនុវត្តជាក់ស្តែងទៅកាន់តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងយក្សឡោម។ បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ ការចុះសិក្សាស្រាវជ្រាវក្នុងឧទ្យានជាតិវីរៈជ័យនឹងធ្វើឡើង នៅខែវិច្ឆិកា និងធ្នូ ដើម្បីកំណត់អត្តសញ្ញាណ និងចងក្រងជាទិន្នន័យនៃប្រភេទដើមឈើ ដែលមានវត្តមានក្នុងឧទ្យានជាតិនេះ ងាយស្រួលក្នុងការគ្រប់គ្រងប្រភេទដើមឈើឲ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ ពូជឈើកម្រ និងឈើជិតផុតពូជ យ៉ាងតិច៤០ប្រភេទ ត្រូវបានក្រុមហ៊ុន Kulara Water សហការជាមួយអាជ្ញាធរ អង្គការដៃគូ និងប្រជាជនក្នុងតំបន់ចូលរួមដាំស្ដារឡើងវិញនៅតំបន់ភ្នំគូលែន ខេត្តសៀមរាប ខណៈពូជឈើខ្លះគេមិនដែលបានស្គាល់ មិនដែលបានឮ ឬសឹងតែផុតពូជពីផែនដីកម្ពុជា។ ពូជឈើទាំងនោះ រួមមាន អង្កាំ បេង ច្រេស ផ្ដៀក ចន្ទន៍ក្រឹស្នា ឆ្កែស្រែង ទេពពូរូ ស្ដី គ្រញូង ស្នូល នាងនួន ជើងចាបភ្នំ អង្កត់ខ្មៅ ឈើខ្មៅ ឈើភ្លើង ទ្រយឹង ឈើទាល ម្រះព្រៅភ្នំ តាត្រាវ ឬម៉ៃសាក់ វល្លិរមៀត ព្រហូត ដៃខ្លា គគីរថ្ម គីរដែក គគីរម្សៅ គគីរខ្សាច់ ស្រឡៅ រំលាយឈាម គូលែន ត្រសេក ធ្នង់ សាឡាក់ ពពែល ជ័រចុង កកោះ សំរង ព្រីង ដូនចែម ស្ពង់ សុក្រំ ជាដើម៕
![](https://cdn.cc-times.com/kh.cc-times.com/media/40288/large/401087384_723600496469869_622857069409053931_n.jpg?1700013823)