Cctimesw1140xh150cm copy

រដ្ឋាភិបាលដាក់«ជំនាញ»៣៨មុខបណ្តុះបណ្តាលយុវជនក្រីក្រជាមួយប្រាក់ឧបត្ថម្ភប្រចាំខែ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
យុវជនកំពុងត្រូវបានបណ្តុះបណ្តាលជំនាញបច្ចេកទេស​ នៅសាលាជំនាញវិជ្ជាជីវៈ។ រូបថត TVET

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៤ វិច្ឆិកានេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ជំនាញជំហានដំបូងមានចំនួន៣៨មុខ ផ្តោតសំខាន់លើបច្ចេកវិជ្ជាដែលប្រទេសកម្ពុជាកំពុងតែខ្វះខាតដើម្បីបំពេញតម្រូវការទីផ្សារការងារ។

សិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺន​រៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និង ព័ត៌មានទីផ្សារការងារ។នេះបើយោងតាមការអះអាងរបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។ការចុះកម្មសិក្សាធ្វើឡើងនៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និង ក្រុមហ៊ុនឯកជនដែលបានចុះMOUជាមួយរាជរដ្ឋាភិបាល។

បើតាមក្រសួងការងារ មុខជំនាញអាទិភាព សម្រាប់ជំហានដំបូងចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ រួមមាន សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា។ក្នុងនោះក៏មានដែល ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា រៀបចំឡើងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះដឹង និង ជំនាញដូនតាឱ្យបានគង់វង្ស និង អភិវឌ្ឍ “ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋបង្កើតថ្មី”។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ»នេះ  គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឱ្យចេះស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្តល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង ៧០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថា កំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និង ក្រុមគ្រួសារពួកគាត់។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ភាពជោគជ័យពិតប្រាកដសម្រាប់កម្មវិធីនេះ គឺត្រូវធ្វើយ៉ាងម៉េចឱ្យយុវជនមកពីគ្រួសារក្រីក្របានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះ និង ឱ្យមានការងារធ្វើ ឬសង្ខេបដោយសាមញ្ញគឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនមកពីវិស័យឯកជនចំនួន ១៧ ហើយបានចុះMOUជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ឱកាសហាត់ការ និង កម្មសិក្សាដល់សិស្សដែលនឹងចុះឈ្មោះរៀនកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងអនុញ្ញាតឱ្យយុវជនអាចផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងនៅកន្លែងធ្វើការ និង ធានាថាសិស្សមានសមត្ថភាពអាចធ្វើការងារបានពិតប្រាកដក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង