
ភ្នំពេញ៖ សម្រាប់ជាការចូលរួមចំណែកដល់ការរៀបចំ និងជំរុញដល់ការអនុវត្តកម្មវិធីពិសេស«ទស្សនាសៀមរាបឆ្នាំ២០២៤» រាជរដ្ឋាភិបាលកម្ពុជា តម្រូវឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ត្រូវដាក់ចេញវិធានការមួយចំនួន សំដៅលើកកម្ពស់ការផ្ដល់សេវាល្អដល់ទេសចរ ក្នុងនោះត្រូវរៀបចំសម្របសម្រួល កែលម្អ បំពេញបែបបទពេលមកដល់(E-arrival card) ពី៣ទម្រង់ មកនៅតែ១ទម្រង់ ពោលគឺទម្រង់អេឡិចត្រូនិក ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១មករា ឆ្នាំ២០២៤តទៅ។ ការងារនេះ នឹងត្រូវដាក់ជាការសាកល្បងមុនគេនៅព្រលានយន្ដហោះអន្តរជាតិសៀមរាបអង្គរឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣នេះ មុននឹងឈានទៅចាប់ផ្ដើមអនុវត្តនៅតាមព្រលានយន្តហោះ និងមាត់ច្រកអន្តរជាតិផ្សេងទៀម។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាបដិសណ្ឋារកិច្ចតាមច្រកព្រំដែន ជាចំណាប់អារម្មណ៍ដំបូងបំផុតរបស់ភ្ញៀវទេសចរបរទេសនៅពេលដែលពួកគេបានជួប និងបានទទួលសេវាពីមន្រ្តីប៉ូលិសអន្តោប្រវេសន៍។ ដូចនេះដើម្បីលើកកម្ពស់ការផ្ដល់សេវាល្អដល់ទេសចរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នឹងដាក់ចេញនូវវិធានការចំនួន៣ដូចជា៖ ១. ការរៀបចំសម្របសម្រួល កែលម្អ បំពេញបែបបទពេលមកដល់(E-arrival card) ពី៣ទម្រង់ ដែលរួមមាន អន្តោប្រវេសន៍ គយ និងចត្តាឡីស័ក មកនៅតែ១ទម្រង់ ពោលគឺទម្រង់អេឡិចត្រូនិកដែលនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១មករា ឆ្នាំ២០២៤តទៅ។ ២. រៀបចំជាប្រព័ន្ធHot-line ដើម្បីទទួលពាក្យបណ្ដឹងផ្សេងៗភ្លាម ទាក់ទងនឹងការផ្ដល់សេវារបស់មន្រ្តីអន្តោប្រវេសន៍ទៅតាមគោលដៅសំខាន់ៗ។ ៣. បង្កើតប្រព័ន្ធតាមដានត្រួតពិនិត្យ ដោយបំពាក់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបំពាក់ប្រព័ន្ធកាមេរ៉ានៅតាមគោលដៅសំខាន់ៗ ដើម្បីត្រួតពិនិត្យការងារជាប្រចាំរបស់មន្រ្តីប៉ូលិសអន្តោប្រវេសន៍។
សម្តេច ហ៊ុន ម៉ាណែត បានបន្តថា នៅក្នុងគៅលដៅជំរុញអនុវត្តគោលដៅពិសេស«ទស្សនាសៀមរាបឆ្នាំ២០២៤» ឱ្យបានទាន់ពេល សម្តេចបានស្នើឱ្យមានការរៀបចំការងារទាំងបីខាងលើនេះជាការសាកល្បងមុនគេនៅព្រលានយន្ដហោះអន្តរជាតិសៀមរាបអង្គរឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣នេះ មុននឹងឈានទៅចាប់ផ្ដើមអនុវត្តនៅតាមព្រលានយន្តហោះ និងមាត់ច្រកអន្តរជាតិផ្សេងទៀម។
ទន្ទឹមនឹងនេះ វិស័យឯកជនក៏បានលើកសំណើសំណូមពរឱ្យពង្រីកវិសាលភាពនៃបណ្ណព្រំដែនដើម្បីអនុញ្ញាតឱ្យភ្ញៀវមានលទ្ធភាពធ្វើដំណើរកម្សាន្តឆ្លងពីព្រំប្រទល់មកដល់ខេត្តសៀមរាបតែម្តង។ ពាក់ព័ន្ធនឹងសំណើពង្រីកវិសាលភាពបណ្ណព្រំដែននេះ រាជរដ្ឋាភិបាលទទួលយកសំណើនេះ ដើម្បីពិភាក្សា។
គួរបញ្ជាក់ថា កិច្ចការងារនេះ កន្លងទៅគឺមានការឯកភាពគ្នាជាមួយប្រទេសថៃ ជាពិសេសប្រជាជនរបស់នៅខេត្តជាប់ព្រំដែន អាចចូលមកដល់សៀមរាបដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន ដោយគ្រាន់តែធ្វើបណ្ណព្រំដែន Border pass មកកាន់ខេត្តសៀមរាប៕