
ភ្នំពេញ៖ក្រសួងការងារ ត្រៀមទទួលសិស្សក្រីក្រ១លាន៥សែននាក់សិក្សា«ជំនាញ»បច្ចេកទេស និងវិជ្ជាជីវៈដោយទទួលបានប្រាក់ខែប្រចាំខែ។ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នឹងចាប់ផ្តើមក្រោយការប្រកាសដាក់អនុវត្តឲ្យប្រើប្រាស់ជាផ្លូវការដោយសម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ខែវិច្ឆិកាស្អែកនេះ។ នេះបើតាមលោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ។
បើតាមអ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងថា យុវជនមកពីគ្រួសារក្រីក្រ និងយុវជនមកពីគ្រួសារងាយរងហានិភ័យ និងយុវជនមកពីគ្រួសារអនុវត្តសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ អាចធ្វើការចុះឈ្មោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅតាមរាជធានីខេត្តនានា ក៏អាចចុះឈ្មោះតាមប្រព័ន្ធឌីជីថល www.tvet.gov.kh ឬអាចចុះឈ្មោះតាមរយៈMobile App។
អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ថា វាជាគុណប្រយោជន៍ណាស់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានអាយុ១៥ឆ្នាំ និងមានអត្តសញ្ញាណបណ្ណ ឬមានសំបុត្រកំណើត មានបណ្ណសមធម៌បញ្ជាក់ថាក្រីក្រ១ ក្រីក្រ២ អាចចុះឈ្មោះចូលរៀនដោយមិនបង់ថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលក្នុងមួយខែសម្រាប់ការសិក្សារៀនសូត្រច្បាស់លាស់ដិតដល់។ ចំពោះយុវជនមកពីសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធដែលមានអាយុចាប់ពី១៥ឆ្នាំ មានអត្តសញ្ញាណបណ្ណ ឬមានសំបុត្រកំណើត គឺទទួលបានការចុះឈ្មោះចូលរៀនដោយមិនបង់ថ្លៃ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះទេ។
លោកបន្តថា ជាកិច្ចការមួយក្រសួងការងារចង់ឲ្យមានយុវជនទាំងអស់ដែលកំពុងតែគ្មានការងារធ្វើ កំពុងតែគ្មានជំនាញ ឬយុវជនកំពុងមានការងារធ្វើតែចង់អភិវឌ្ឍន៍ជំនាញ គឺអាចធ្វើការរៀនសូត្របាន។ ក្រសួងមានកម្មវិធីរៀនសូត្រពីថ្ងៃច័ន្ទដល់សុក្រ និងថ្ងៃសៅរ៍អាទិត្យ។ ជំនាញនេះ ដំបូងឡើយក្រសួងកំណត់អាទិភាពនៅក្នុងវិស័យចំនួន១០ដែលកំពុងជាតម្រូវការទីផ្សារនៅកម្ពុជា មានដូចជា អគ្គិសនីថាមពល អេឡិចត្រូនិច បរិក្ខាត្រជាក់ និងកម្តៅ កម្មន្តសាល មេកានិចទូទៅ មេកានិចរថយន្ត កសិកម្ម កសិឧស្សាហកម្ម ធុរកិច្ច និងព័ត៌មានវិទ្យា។
ក្រៅពីការចុះឈ្មោះរៀនមិនបង់ប្រាក់សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រសួងការងារមិនទាន់បានគិតគូរទៅដល់ការផ្តល់ជូននូវការស្នាក់នៅ អាហារហូបចុកទេ ប៉ុន្តែជនមានពិការភាពក៏អាចចុះឈ្មោះចូលរៀនបានដែរ ទៅតាមលទ្ធភាពដែលពួកគាត់អាចរៀនបាន ហើយក្រសួងក៏មានការសម្រួលដល់ជមានពិការភាព។ ជំនាញអាទិភាពនេះជាជំហានដំបូង ដែលក្រសួងការងារឃើញថាជាតម្រូវការចាំបាច់នាពេលបច្ចុប្បន្ននេះ ដូច្នេះក្រសួងនឹងធ្វើការបន្ថែមលើជំនាញផ្សេងៗទៀតនៅពេលក្រសួងឆ្លងកាត់ជំនាញទីមួយហើយ។
សូមជម្រាបថា សម្រាប់ផែនការ១លាន៥សែននាក់នេះ កាលពីថ្ងៃទី១១វិច្ឆិកា ក្រសួងការងារបានចុះអនុស្សនៈយោគយល់គ្នាជាមួយសភាពាណិជ្ជកម្ម និងសមាគមនយោជក១៨ ដូច្នេះមានក្រុមហ៊ុនដែលនៅក្រោមសមាគមនយោជកប្រហែលជា ៧ពាន់ក្រុមហ៊ុនសហគ្រាសសម្រាប់ត្រៀមក្នុងការទទួលយកយុវជនចុះកម្មសិក្សា និងត្រៀមផ្តល់ការងារដល់យុវជនផងដែរ៕