ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានលើកទឹកចិត្តប្រតិភូយុវជនកម្ពុជានៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia ឱ្យចូលរួមផ្សព្វផ្សាយអាទិភាពវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ សំណើនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងលោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។
នាឱកាសនេះ លោក ឈាង រ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានមកជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំតម្រង់ទិស ពីក្រសួងសុខាភិបាល មុននឹងគណៈប្រតិភូសមាគមទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានជម្រាបជូនអង្គប្រជុំថា សមាគម នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បង្កើតឡើងក្នុងគោលបំណងធំៗចំនួន៤៖ ១) ជាឆ័ត្រថែរក្សា និងពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពរវាងអតីតប្រតិភូយុវជនទាំងអស់ ២) រៀបចំវគ្គបណ្តុះបណ្តាលមុនពេលចេញដំណើរ ដើម្បីជាការចែករំលែកចំណេះដឹង និងបទពិសោធន៍គ្រប់ជ្រុងជ្រោយ ជូនប្រតិភូយុវជនជំនាន់ក្រោយ ឲ្យចូលរួមកម្មវិធីប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ ៣) កៀគរធនធាន និងបំផុសទឹកចិត្តយុវជនឲ្យចេះផ្តួចផ្តើមគំនិតក្នុងការបង្កើត និងចូលរួមសកម្មភាពសង្គមឲ្យកាន់តែសកម្ម និងទី៤) ចូលរួមជួយសម្រេចឲ្យបាននូវគោលបំណងរបស់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តប្រតិភូយុវជនកម្ពុជា ចូលរួមផ្សព្វផ្សាយអាទិភាពវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល មានដូចជា៖ បង្កើនសកម្មភាពអប់រំសុខភាព សំដៅលើកកម្ពស់សុខភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង, ការប្រយុទ្ធនឹងជំងឺឆ្លង, ការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ, ការទប់ស្កាត់ជំងឺមិនឆ្លង, ការទប់ស្កាត់ និង បង្ការជំងឺបណ្ដាលមកពីផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍន៍សុខភាពឌីជីថល (Digital Health)ជាដើម៕