ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានស្នើដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ប្រចាំនៅកម្ពុជា ឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ការស្នើនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាង លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (United Nations Resident Coordinator to Cambodia-UNRC) នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។
ក្នុងនាមក្រសួងសុខាភិបាល លោក ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណដល់ UNRC ប្រចាំប្រទេសកម្ពុជា ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈទីភ្នាក់ងារអង្គការសហប្រជាជាតិនានា ប្រចាំកម្ពុជា នាពេលកន្លងមក។
លោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា UNRC បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលការណ៍ជាតិ និងអន្តរជាតិ ដើម្បីធានានូវការទទួលបានសេវាសុខភាពប្រកបដោយគុណភាព និងសមធម៌ សម្រាប់ ប្រជាពលរដ្ឋគ្រប់រូប សំដៅបង្កើតបរិយាកាសប្រកបដោយវឌ្ឍនភាព ផលិតភាព និងសុខភាពល្អ និងដើម្បីចូលរួមចំណែកក្នុងការ សម្រេចបានការគ្របដណ្តប់សេវាសុខភាពជាសកល។
គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការល្អ និងជិតស្និតពីទីភ្នាក់ងារអង្គការសហប្រជាជាតិនានាប្រចាំនៅកម្ពុជា ក្រសួងសុខាភិបាលបានអនុវត្តនូវផែនការយុទ្ធសាស្ត្រជាច្រើនដំណាក់កាលជាបន្តបន្ទាប់ ប្រកបដោយជោគជ័យគួរជាទីមោទនៈ ជាពិសេសក្នុងបរិបទនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនបានធ្វើការសហការយ៉ាងជិតស្និទ្ធបំផុត គាំទ្រក្រសួងសុខាភិបាលក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩៕