
ភ្នំពេញ៖ ភាគីអូស្រ្តាលី នឹងបន្តខិតខំជំរុញឱ្យអ្នកវិនិយោគអូស្ត្រាលីបង្កើនការដាក់ទុនវិនិយោគដើម្បីបង្កើតឱកាសការងារជូនពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈនាពេលកន្លងមករាជរដ្ឋាភិបាលអូស្រ្តាលីបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់កម្ពុជា ក៏ដូចជាការជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនមកដល់ពេលនេះដែរ។ នេះជាការលើកឡើងរបស់លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាការងារជាមួយលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៨វិច្ឆិកានេះ។
ក្នុងកិច្ចពិភាក្សានេះ លោក ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានបណ្តុះបណ្តាលសមត្ថភាព និងគាំទ្រដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាស្ថាប័នមួយដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ការគាំទ្រលើការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់កម្ពុជាដែលជាផ្នែកដ៏សំខាន់ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនមកដល់ពេលនេះ។
បន្ថែមពីនេះ លោកក៏បានអរគុណដល់រាជរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអង្គការអន្តរជាតិខាងការងារ(ILO) ជាពិសេសគម្រោងនៃការហាមឃាត់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់អាបេស្តុសក្នុងវិស័យសំណង់ និងវិស័យផ្សេងៗទៀត។
ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត ក៏បានអរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលយកគម្រោង និងផ្តល់កិច្ចសហការយ៉ាងរលូនជាមួយរដ្ឋាភិបាលអូស្ត្រាលី។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរពីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជាផងដែ។
លោក ចាស្ទីន វ៉ាយអេត ក៏បានបញ្ជាក់ថា ក្នុងនាមជាអ្នកតំណាងឱ្យរដ្ឋាភិបាលអូស្ត្រាលី លោកនឹងបន្តខិតខំជំរុញឱ្យអ្នកវិនិយោគអូស្ត្រាលីបង្កើនការដាក់ទុនវិនិយោគដើម្បីបង្កើតឱកាសការងារជូនពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕


